ស្នូកឃ័រ៖ ព្រឹត្តិការណ៍ស្នូកឃ័រជើងឯកពិភពលោក បានបញ្ចប់ហើយនៅយប់ថ្ងៃចន្ទម្សិលមិញនេះ កីឡាករអង់គ្លេស Mark Selby បានយកឈ្នះ Shaun Murphy ដើម្បីគ្រងជើងឯកពិភពលោកលើកទី៤ ក្នុងអាជីព។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Crucible ទីក្រុង Sheffield ចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាតអោយអ្នកគាំទ្រចូលទស្សនាពេញកីឡដ្ឋានតែម្តង ជាលើកដំបូងតាំងពីការផ្ទុះឡើងនៃមេរោគ Covid-19។ Mark Selby ដែលចាប់ផ្តើមដំណាក់ចុងក្រោយដោយនាំមុខទៅលើ Murphy ១៤-១១ហ្វ្រេម បានយកឈ្នះ ៣ហ្វ្រេមចុងក្រោយដោយមួយការវាយមួយឈើ ៦៦ពិន្ទុ, ៦៨ពិន្ទុ និង ១២០ពិន្ទុដើម្បីយកឈ្នះការប្រកួតលើជើងឯកពិភពលោកឆ្នាំ២០០៥ Shaun Murphy ១៨-១៥ហ្វ្រេម។ កីឡាករវ័យ ៣៧ឆ្នាំ Mark Selby ក្នុងនាមជើងឯកទទួលបានប្រាក់រង្វាន់ ៥០ម៉ឺនផោន ហើយបានរំកិលឡើងមកឈរលេខ២ ពិភពលោកពីក្រោយកីឡាករលេខ១ Judd Trump។
មុនឈ្នះជើងឯកនេះ Mark Selby បានយកឈ្នះ Kurt Maflin ជុំទី១ យកឈ្នះ Mark Allen ជុំទី២ យកឈ្នះ Williams វគ្គ ៨នាក់ចុងក្រោយ និងយកឈ្នះ Stuart Bingham វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គិតមកដល់ពេលនេះ Mark Selby គ្រងជើងឯកពិភពលោកបាន ៤ដងស្មើនឹង Joh Higgins តាមពីក្រោយ Ronnie O’Sullivan, Ray Reardon និង Steve Davis ដែលឈ្នះ ៦លើកដូចគ្នា ខណៈ Stephen Hendry នៅតែឈរលើគេឈ្នះជើងឯកសរុប ៧ដង៕
អត្ថបទ៖នាង សុភាវុធ