ទីភ្នាក់ងារអនុវត្តច្បាប់រដ្ឋ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា មនុស្ស៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារមួយកាលពីយប់ថ្ងៃសៅរ៍ ទី១៥ ខែមេសា ដែលពាក់ព័ន្ធទៅនឹងកម្មវិធីខួបកំណើតមួយនៅក្នុងទីក្រុង Dadeville រដ្ឋ Alabama ។

ស្ថានីយទូរទស្សន៍ក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សជាង ២០ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ជាការលើកឡើងដោយក្រុមអ្នកស៊ើបអង្កេតនៅកន្លែងកើតហេតុ។ យោងតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៤នាទីយប់ ។

មន្ត្រីពុំបានផ្តល់ព័ត៌មានអំពីអ្វីដែលនាំឲ្យមានការបាញ់ប្រហារនេះទេ ។ ការបាញ់ប្រហារនេះបានកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការបាញ់ប្រហារទ្រង់ទ្រាយធំពីរលើកនៅក្នុងរដ្ឋជិតខាងនៃរដ្ឋ Tennessee និងរដ្ឋ Kentucky ដែលបានជំរុញឱ្យមេដឹកនាំក្នុងតំបន់អំពាវនាវឱ្យមានការរឹតបន្តឹងការគ្រប់គ្រងអាវុធកាលពីសប្តាហ៍មុន។