
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។
ក្នុងសេចក្តីណែនាំ អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី របស់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមេសានេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ មានដូចជា បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។
បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី ២៤ ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក និង ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធ ស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។
បន្ថែមពីលើនេះ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៤ និងបន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។
តាមសេចក្តីណែនាំដដែល រាជរដ្ឋាភិបាល លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី និងលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៨៩ សហវ ប្រក.ស្ដីពី «ការគ្រប់គ្រងអាជីវ- កម្មអភិវឌ្ឍអចលនវត្ថុ»។
ចំណុចចុងក្រោយ គឺពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្ដីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី «កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ» ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំយន្តការ ការងារ ដើម្បីតាមដានពិនិត្យ និងវាយតម្លៃជាប្រចាំ លើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើងនូវវិធានការគោលនយោបាយ ជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច៕អត្ថបទ៖ វណ្ណៈ

