ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំឱ្យបញ្ឈប់ការយកកីឡាករ ដែលត្រូវប្រកួតស៊ីហ្គេម ទៅចូលរួមក្នុងការប្រកួតណាផ្សេង ដែលវាអាចធ្វើឱ្យកីឡាករបាត់បង់ឱកាសពេលការ ប្រកួតស៊ីហ្គេមចូលមកដល់ ។
សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៦ ខែមេសានេះ តាមរយៈប្រព័ន្ធតេឡេក្រាម បានថ្លែង សារសំឡេងមួយពាក់ព័ន្ធនឹងបញ្ហាកីឡាករ ដែលនឹងត្រូវចូលប្រកួតស៊ីហ្គេម តែត្រូវបានគេផ្គូផ្គងឱ្យប្រកួត ក្នុងកម្មវិធីផ្សេងមួយ មុនស៊ីហ្គេមមកដល់ ដោយសម្ដេចបានថ្លែងលើកឡើងថា មិនគួរឱ្យមានការចូលប្រកួត ក្នុងព្រឹត្តិការណ៍ណានោះទេ ត្រូវរង់ចាំឱ្យការប្រកួតស៊ីហ្គេម បានចប់។
សម្តេចបានអំពាវនាវឱ្យបញ្ចប់នូវការរិះគន់គ្នា វាយប្រហាគ្នាទៅវិញទៅមក កុំឱ្យបញ្ហាដ៏តូចមួយ នេះ ក្លាយជាបញ្ហាធំ គ្របដណ្តប់សាធារណៈមតិ កុំឱ្យការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាប ក្លាយជា បញ្ហាចាក់ដោតរហូតដល់មានជំម្លោះរវាងប្រទេសទាំងពីរទៀតផង ។
សូមជម្រាបជូនថា កាលពីការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ឈឿង ល្វៃ ដណ្តើមបានមេដាយប្រាក់ លើប្រភេទកីឡាប្រដាល់ឃីកបុកស៊ីង ក្នុងទំងន់៧១គីឡូក្រាម ៕អត្ថបទ៖ គង់ ហួន
