ភ្នំពេញ៖ ក្រុមអាជីវករនៅរាជធានីភ្នំពេញ ដែលបន្តបើកដំណើរការអាជីវកម្មក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ បានឲ្យដឹងថា ពួកគាត់ទទួលបានប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតា ខណៈអាជីវកម្មមួយចំនួនធំ និងប្រជាពលរដ្ឋ ឈប់សម្រាក ដើម្បីជួបជុំក្រុមគ្រួសារ និងខ្លះទៀតធ្វើដំណើរកម្សាន្ត។
អ្នកស្រី ពៅ ចាន់ អាជីករលក់ចេកនៅផ្សារច្បារអំពៅ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសានេះថា រាល់ពិធីបុណ្យទានម្តងៗ អ្នកស្រីមិនមានគម្រោងទៅកម្សាន្តទីណាទេដោយបន្តលក់ដូរដូចសព្វដង និងអាចរកប្រាក់បានច្រើនជាងថ្ងៃធម្មតា។
ស្រដៀងគ្នាខាងលើនេះ អាជីករលក់សាច់គោ កញ្ញា លីនីន បាននិយាយដោយសប្បាយរីករាយថា ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ ការលក់ដូរគឺដាច់បានច្រើន ដោយមានម៉ូយ និងអ្នកដំណើរមកទិញជាហូហែរ ដោយថ្ងៃធម្មតា ជាមធ្យមអាចលក់សាច់គោអស់ពី ៧០ ទៅ៨០គីឡូ ប៉ុន្តែក្នុងថ្ងៃចូលឆ្នាំលក់ដាច់ដល់ពី ១១០ ទៅ១២០គីឡូ ក្នុង១ថ្ងៃៗ។
ជារៀងរាល់ឆ្នាំ រាល់ពិធីបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេស មួយចំនួនផ្សេងទៀតបន្តស្នាក់នៅភ្នំពេញ និងខ្លះទៀតបន្តបើកអាជីវកម្មធម្មតា៕ អត្ថបទ៖ ឈិត បូរ៉ាវី