អាមេរិក៖ កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្ល៊ីនឃិន បានស្នើសុំឲ្យកូរ៉េខាងជើងប្រកាន់ភ្ជាប់វិស័យការទូត ស្របពេលដែលលោកបាននិយាយគ្នាជាមួយប្រទេសសម្ព័ន្ធមិត្ត ស្តីពីយុទ្ធសាស្ត្រសហរដ្ឋអាមេរិកដែលផ្តោតសំខាន់លើវឌ្ឍនភាព ជាជាងភាពអន់ថយរបស់លោក ដូណាល់ ត្រាំ។

នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស សម្រាប់ជំនួបផ្ទាល់ក្រុមប្រទេសមានឧស្សាហកម្មជឿនលឿន G7 ជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ លោក ប្ល៊ីនឃិន បានពិគ្រោះយោបល់ជាមួយសមភាគីរបស់លោកមកពីជប៉ុន និងកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងដំណោះស្រាយថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលត្រូវបានថ្កោលទោសដោយទីក្រុងព្យុងយ៉ាង។ លោក ប្ល៊ីនឃិន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកសង្ឃឹមថា កូរ៉េខាងជើងនឹងចាប់យកឱកាស ដើម្បីចូលរួមវិស័យការទូត ហើយនឹងពិនិត្យមើលថា តើមានច្រកដែរ ឬទេ ក្នុងការឆ្ពោះទៅរកគោលបំណងរំសាយអាវុធនុយក្លេអែរពិតប្រាកដ នៅតំបន់ឧបទ្វីបកូរ៉េ។
ក្រោយជំនួបជាមួយសមភាគីអង់គ្លេស លោក ដូមីនីក រ៉ាអាប, លោក ប្ល៊ីនឃិន បាននិយាយថា វាជាការពិតដែលលោកគិតថា វាអាស្រ័យលើកូរ៉េខាងជើងដែលត្រូវសម្រេចចិត្តថា តើពួកគេចង់ចូលរួម ឬមិនចង់ចូលរួមដោយផ្អែកលើមូលដ្ឋានមួយនេះ។ ពាក់ព័ន្ធនឹងប្រតិកម្មរបស់កូរ៉េខាងជើង លោក ប្ល៊ីនឃិន បាននិយាយថា យើងនឹងរង់ចាំមើល មិនត្រឹមតែអ្វីដែលកូរ៉េខាងជើងនិយាយនោះទេ ប៉ុន្តែទង្វើពិតប្រាកដដែលពួកគេធ្វើផងដែរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានខែខាងមុខនេះ៕
អត្ថបទ៖ សារ៉ាត់