នេះគឺជាពេលមុនលោក Atiq Ahmed អតីតសមាជិកសភានៅក្នុងសភារបស់ប្រទេសឥណ្ឌា ដែលត្រូវបានកាត់ទោសពីបទចាប់ជំរិត ត្រូវបានបាញ់សម្លាប់រួមជាមួយបងប្អូនប្រុសរបស់លោក ពេលផ្សាយផ្ទាល់តាមទូរទស្សន៍។ វាបានកើតឡើង ខណៈនគរបាល កំពុងនាំពួកគេទៅពិនិត្យសុខភាពកាលពីថ្ងៃសៅរ៍។
ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានគេមើលឃើញបានចូលដល់កៀកនគរបាលដើម្បីភ្ជង់កាំភ្លើងខ្លីនៅចំសៀតផ្ការបស់លោក Ahmed ដែលក្រមារបស់លោកបានជ្រុះចេញនៅពេលដែលកាំភ្លើងបានផ្ទុះ។

បងប្អូនប្រុសរបស់លោកឈ្មោះ Ashraf Ahmed ក៏ត្រូវបានបាញ់មួយសន្ទុះក្រោយមក។ ស្នងការនគរបាលក្នុងតំបន់ លោក Ramit Sharma បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយកំពុងសម្ភាសន៍បងប្អូនប្រុសទាំងពីរនាក់នេះ ខណៈដែលនគរបាលបាននាំពួកគេទៅពិនិត្យសុខភាពជាកាតព្វកិច្ច។
លោក Ramit Sharma និយាយថា បុរសបីនាក់ បានបង្ហាញខ្លួន ខណៈសមាជិកប្រព័ន្ធផ្សព្វផ្សាយ បានចាប់ផ្តើមសម្ភាសន៍។ បុរសម្នាក់បានប្រគល់ខ្លួនភ្លាមៗបន្ទាប់ពីការបាញ់ប្រហារ ខណៈមន្ត្រីបានតាមចាប់ជនសង្ស័យពីរនាក់ផ្សេងទៀត។
ជនរងគ្រោះបានស្លាប់ក្នុងរយៈពេលតែប៉ុន្មាននាទីបន្ទាប់ពីការបាញ់។ វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ្នកដែលត្រូវបានគេសម្លាប់ត្រូវបានចែកចាយពេញប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញផ្សព្វផ្សាយសង្គម។
រដ្ឋាភិបាលរដ្ឋដែលគ្រប់គ្រងដោយគណបក្សជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានបញ្ជាឱ្យមានការស៊ើបអង្កេតតាមផ្លូវតុលាការលើឃាតកម្មនេះ។ក្រោយការបាញ់ប្រហារ ជនសង្ស័យបានស្រែកពាក្យសាសនាហិណ្ឌូ។ ដោយការព្រួយបារម្ភពីភាពចលាចលដោយហិង្សា បន្ទាប់ពីមានឃាតកម្មនេះ។ រដ្ឋាភិបាលរដ្ឋ Uttar Pradesh បានរារាំងការប្រមូលផ្តុំមនុស្សលើសពី ៤ នាក់នៅទូទាំងរដ្ឋ។
