អតីតនាយករដ្ឋមន្ត្រីប្រទេសស៊ូដង់ លោក Abdalla Hamdok បានជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងងាកទៅរកកិច្ចសន្ទនារវាងកងទ័ពរបស់ប្រទេស និងកងកម្លាំងគាំទ្ររហ័សដ៏មានឥទ្ធិពល (RSF) បន្ទាប់ពីការប៉ះទង្គិចគ្នារវាងភាគីទាំងពីរ ដែលបណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់ជិត១០០ នាក់ស្លាប់ ក្នុងនោះរួមមានទាំងបុគ្គលិកអង្គការសហប្រជាជាតិបីនាក់ផងដែរ និងមានអ្នករងរបួស១១០០ នាក់។

លោក Hamdok បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Abu Dhabi ថាយ៉ាងហោចណាស់យើងចាំបាច់ត្រូវឈានដល់បទឈប់បាញ់ដែលនឹងនាំទៅដល់ការបង្កើតច្រករបៀងមនុស្សធម៌ ដែលនឹងអនុញ្ញាតឱ្យជនស៊ីវិលមានលទ្ធភាពទទួលបានឱសថ ការព្យាបាល និងស្បៀងអាហារ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា រវាងអង្គភាពកងទ័ពដែលស្មោះត្រង់នឹងឧត្តមសេនីយ Abdel Fattah al-Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពដែលគ្រប់គ្រងបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សទាហានប៉ារ៉ា (RSF) ដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ថា Hemedti ដែលជាអនុប្រធានក្រុមប្រឹក្សា។

លោក Hamdok និយាយថា លោកបដិសេធការធ្វើអន្តរាគមន៍ពីបរទេស ដោយជំរុញសហគមន៍អន្តរជាតិឲ្យគាំទ្រកិច្ចសន្ទនារវាងក្រុមពួកយោធា។