ក្រុមអ្នកពន្លត់អគ្គីភ័យតំបន់ Catalan បានព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅភាគនិរតី ប្រទេសបារាំង ហើយបានឆ្លងទៅកាន់ព្រំដែនប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី១៦ ខែ មេសា ខណៈផ្នែកមួយចំនួននៅតំបន់អឺរ៉ុបភាគខាងត្បូង នៅតែស្ថិតក្នុងភាពរាំងស្ងួតដែលបង្កឱ្យមានការឆាបឆេះម្តងហើយម្តងទៀត កាលពីរដូវក្តៅមុន។

ទិដ្ឋភាពពីលើអាកាស បានបង្ហាញពីសំណុំផ្សែងអ័ព្ទ ដែលហុយចេញនៅក្នុងទីក្រុង Portbou និងទំហំនៃតំបន់ដែលឆេះរួច ខណៈទូរទស្សន៍រដ្ឋអេស្ប៉ាញ TVE បានរាយការណ៍ថា យ៉ាងហោចណាស់ដីព្រៃ ៧៥០ហិកតា បានឆេះនៅផ្នែកទាំងសងខាងនៃព្រំដែន។
អង្គភាពសេវាពន្លត់អគ្គិភ័យតំបន់ Catalan បាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លើងព្រៃបានរាលដាលពាសពេញព្រំដែនចូលទៅក្នុងប្រទេសអេស្បាញ ដែលនាំទៅដល់ការជម្លៀសនៅផ្ទះចំការមួយចំនួន និងពលរដ្ឋនៅក្នុងទីក្រុង Portbou ។
អាជ្ញាធរតំបន់ Catalan បាននិយាយថា បន្ទាប់មក នៅពេលល្ងាច ពលរដ្ឋក្នុងតំបន់ដែលត្រូវបានជម្លៀសចេញអាច ត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាន។ អាជ្ញាធរនិយាយថា អគ្គីភ័យនៅជុំវិញភូមិ Cerbere និង Banyuls-sur-Mer នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ កំពុងត្រូវបានពន្លត់ដោយក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ ៣៦០ នាក់ ដោយកិច្ចខិតខំប្រឹងប្រែងត្រូវបានរំខានដោយខ្យល់បក់ខ្លាំងដែលរារាំងការប្រើប្រាស់យន្តហោះ។
អាជ្ញាធរនិយាយថា ពពកផ្សែងដ៏ក្រាស់ត្រូវបានគេមើលឃើញនៅពីក្រោយភ្នំនៅព្រំដែនប្រទេសអេស្ប៉ាញ ខណៈរថភ្លើង និងផ្លូវតភ្ជាប់ប្រទេសទាំងពីរត្រូវបានបិទ។ រដ្ឋាភិបាលតំបន់ Catalan និយាយថា ខ្លួនបានបញ្ជូនក្រុមអ្នកពន្លត់អគ្គិភ័យ៩នាក់ទៅពន្លត់ភ្លើងឆេះព្រៃនៅខាងប្រទេសបារាំង។
អាជ្ញាធរនិយាយក្នុងសន្និសីទសារព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គិភ័យបានគ្រប់គ្រងអណ្តាតភ្លើងមិនឱ្យឆេះរាលដាលដល់ភូមិនានា ដោយលំនៅឋានត្រឹមតែ២ខ្នងប៉ុណ្ណោះបានរងការបំផ្លាញ និងពុំមានអ្នករងរបួសនោះទេ។

លោក Eric Belgioïno ប្រធានអង្គភាពសេវាពន្លត់អគ្គីភ័យប្រចាំតំបន់ បាននិយាយថា ភ្លើងឆេះព្រៃជាលើកទីពីរបានចាប់ផ្ដើមនៅចម្ងាយពីរបីគីឡូម៉ែត្រពីឆ្នេរសមុទ្រនៅតំបន់ Argeles-sur-Mer ។