បណ្តារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬG7 បានជួបប្រជុំគ្នាសម្រាប់អាហារពេលល្ងាចជាលក្ខណៈការងារកាលពីល្ងាចថ្ងៃអាទិត្យ ទី១៦ ខែមេសា បន្ទាប់ពីបានមកដល់ទីក្រុង Karuizawa តាមរថភ្លើងល្បឿនលឿនពីទីក្រុងតូក្យូ។

បណ្តារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំងប្រាំពីរ នឹងចាប់ផ្តើមកិច្ចប្រជុំ ចាប់ពីថ្ងៃចន្ទ ទី១៧ ខែមេសានេះ ដើម្បីពិភាក្សាលើប្រធានបទផ្សេងៗរួមមានទាំងវិធីសាស្រ្តរួបរួមចំពោះប្រទេសចិន និងក្តីបារម្ភអំពីកោះតៃវ៉ាន់។
ប្រទេសចិន គឺជាប្រធានបទនាំមុខគេ និងនៅកណ្តាលនៃកិច្ចពិភាក្សា ខណៈ រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រជាធិបតេយ្យជឿនលឿនរបស់ពិភពលោក ជួបប្រជុំគ្នានៅទីក្រុងរមណីយដ្ឋាន Karuizawa របស់ប្រទេសជប៉ុន។ មានតែសមាជិកនៅអាស៊ីតែមួយគត់នៃក្រុមនេះ គឺប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន ដែលនៅជិតខាងនៅក្នុងតំបន់ ហើយផ្តោតជាពិសេសទៅលើលទ្ធភាពនៃសកម្មភាពយោធាប្រឆាំងកោះតៃវ៉ាន់។
កិច្ចប្រជុំដែលរួមមានរដ្ឋមន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា អ៊ីតាលី និងអ្នកតំណាងមកពីសហភាពអឺរ៉ុប ធ្វើឡើងមុនកិច្ចប្រជុំកំពូលមេដឹកនាំដែលនាយករដ្ឋមន្រ្តី លោក Fumio Kishida នឹងធ្វើជាម្ចាស់ផ្ទះនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅខែក្រោយ។