សៀមរាប៖ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅខេត្តសៀមរាប និងការសាទរពីសាធារណជន ចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានបញ្ចប់ដោយជោគជ័យ ។
បើតាមការបង្ហោះរបស់ក្រសួង នៅលើឆានែលតេឡេក្រាម នៅរសៀលថ្ងៃទី១៧ ខែមេសានេះ គឺភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចស្វែងរកទីតាំង WiFi សាធារណៈ ទាំង១៦ទីតាំង តាមតំណភ្ជាប់ ឬស្កេន QR Code នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ។
(តំណភ្ជាប់ទីតាំង WiFi សាធារណៈ) (https://mptc.gov.kh/public-wifi) Wi-Fi សាធារណៈ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលផ្តល់ជូនដោយឥតគិតថ្លៃ និងអាចប្រើប្រាស់នៅតាមទីកន្លែងសាធារណៈ ដូចជា តំបន់អង្គរ តំបន់ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ នេះ ។ លោកអ្នកអាចរីករាយជាមួយនឹងអ៊ីនធឺណិត ដែលមានសេវាគ្រប់គ្រាន់ និងល្បឿនលឿន ។
