ភ្នំពេញ ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានផ្សព្វផ្សាយនៅ ក្នុងហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមថា ១៧ មេសា ១៩៧៥ ចាប់ពីម៉ោង ១០ ព្រឹកទៅ ខ្មែរក្រហមចាប់ផ្តើមបិទមិនឱ្យមនុស្សចូលទៅកណ្តាលទីក្រុងភ្នំពេញ ហើយចាប់ពីរសៀលមក ពួកគេចាប់ផ្តើមបណ្តេញអ្នកជំងឺចេញពីមន្ទីរពេទ្យ និងតាមអគារសាធារណៈ បន្ទាប់មកគេដើរស្នើឱ្យមនុស្សម្នាចេញពីផ្ទះចំនួន ៣ ថ្ងៃ ដោយប្រាប់ថា អាម៉េរិកនឹងឱ្យយន្តហោះមកទម្លាក់គ្រាប់បែក កម្ទេចទីក្រុងភ្នំពេញ។
សាររបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ គឺដើម្បីរម្លឹកឱ្យដឹងពីតម្លៃនៃសុខសន្តិភាពដែលកម្ពុជារកបានដោយកម្រ។
១៧ មេសា ១៩៧៥ ជាថ្ងៃដែលបំផ្លាញនូវក្ដីរំពឹងរបស់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដែលសង្ឃឹមថា ១៧ មេសា ១៩៧៥ ជាថ្ងៃដែលកម្ពុជាត្រូវបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរ នឹងខ្មែរទាំងស្រុង។ ក្ដីរំពឹង របស់ពលរដ្ឋកម្ពុជាត្រូវរលាយសាបសូន្យ ដោយសារត្រូវគេបណ្ដេញចេញពីផ្ទះ។ ការនិរាសព្រាត់ប្រា ស ការស្លាប់ ការចាប់ចង ក៏ចាប់ផ្ដើមកើតមាននៅថ្ងៃនោះដែរ។
១៧ មេសា ១៩៧៥ ជាព្រឹត្តិការណ៍ដែលពលរដ្ឋកម្ពុជាចងចាំមិនភ្លេចថា ជាថ្ងៃដែលកម្ពុជាបានធ្លាក់ទៅ ក្នុងមហាវិនាសកម្មរកនឹកស្មានមិនដល់ ដោយកម្ពុជាបានធ្លាក់ទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែល គេស្គាល់ជាទូទៅថា របបខ្មែរក្រហម ដែលបានបណ្ដាលឱ្យពលរដ្ឋកម្ពុជាជាច្រើនលាននាក់បានស្លាប់ ដោយការកាប់សម្លាប់ ការមិនមានអាហារហូបចុកគ្រប់គ្រាន់ ការធ្វើការលើសកម្លាំង និងឈឺ មិនមាន គ្រូពេទ្យ ឬ ថ្នាំព្យាបាលជាដើម៕
ដោយ៖ គង់ ឌិន



