បាងកក ៖ អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម កំពុងស្ថិតនៅប្រទេសថៃ និងបានរត់បង្ហាញនៅទីនោះប្រកបដោយជោគជ័យ ខណៈពិធីបើកការប្រកួតស៊ីហ្គេមកាន់តែខិតជិតចូលមកដល់ហើយ។
ពិធីដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC-CAMPAPGOC នេះមានការចូលរួមពីលោកបណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡាថៃ ឯកឧត្តម ហ៊ុន សាវឿន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រ ឯកឧត្តម Dato' Seri Chaiyapak Siriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជានាយកប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងឧត្ដមសេនីយ៍ទោ Osoth Bhavila ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមអាស៊ាន និងមានការចូលរួមផងដែរពីអង្គទូតអាស៊ាន កីឡាករ កីឡាការិនីថៃ និងនិស្សិតកម្ពុជា ប្រមាណ៤០០នាក់នៅពហុកីឡដ្ឋានរាជាម៉ាងហ្កាឡា។
ឯកឧត្តម ហោ សារុន មានប្រសាសន៍ថាកម្ពុជា-ថៃ គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយគ្នាស្ទើរតែគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឡែក ពិធីដង្ហែព្រះអគ្គីកីឡានៅក្នុងប្រទេសថៃ គឺជាឱកាសមួយទៀតពង្រឹងកិច្ចសហប្រតិបត្តិទំនាក់ទំនងកាន់តែខ្លាំងឡើងមួយកម្រិតទៀត។
ព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក ប្រោសព្រះរាជប្រទាននៅប្រាសាទអង្គរវត្ត ដែលជាទីកន្លែងចាប់ផ្តើមពិធីដង្ហែដំបូងគេ។
នៅកម្ពុជា កីឡារស់ក្នុងសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងធ្វើការរួមគ្នាប្រកបដោយសុខដុម រមណីយកម្ម នៅក្រោមម្លប់សន្តិភាព ហើយឥឡូវនេះយើងមានមោទនភាពសូមប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ា រ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍ប្រកួតអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ និងផ្សាយ ដោយមិនគិតថ្លៃផងដែរ។
ពិធីដង្ហែព្រះអគ្គីកីឡានៅពេលនេះ បានជំរុញឲ្យប្រទេសកម្ពុជា ថៃ សហប្រតិបត្តិការរួមគ្នា មិនត្រឹមតែកីឡាប៉ុណ្ណោះទេ ថែមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។ កម្ពុជា "ព្រះរាជាណាចក្រអច្ឆរិយៈ” ទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក សូមទទួលបានភាពកក់ក្ដៅក្នុងអំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជាជាពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
បន្ទាប់ពីប្រទេសថៃ ព្រះអគ្គិជ័យ នៃដំណើរឆ្ពោះទៅពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ នឹងត្រូវបន្ដដំណើរទៅប្រទេសមីយ៉ាន់ម៉ា និងឡាវ មុនដង្ហែចូលប្រទេសកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង ៕






