បន្ទាយមានជ័យ ៖ មេខ្យល់ម្នាក់ រួមទាំងរថយន្ត១គ្រឿង លួចដឹកពលករចំនួន១១នាក់បំរុងឆ្លងដែនទៅស្រុកថៃ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកឈរជើង នៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ វរសេនាតូចការពារព្រំដែនគោកលេខ៩១១ ចាប់បាន នៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣ខែ ឧសភានេះ នៅចំណុចភូមិដំណាក់កកោះ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ពលករទាំង១១នាក់ ដែលលបលួចឆ្លងដែនទៅស្រុកថៃ ក្នុងនោះស្រីចំនួន៧នាក់ កុមារចំនួន៣នាក់ ។ចំណែកអ្នកបើកឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំរស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។
ក្នុងនោះដែរលោកអធិការស្រុកស្វាយចេក បានបញ្ជាក់ថា ចំពោះពលករទាំង១១នាក់ ត្រូវបានបញ្ជូន ទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក។ ដោយឡែកមេខ្យល់ដែលជាអ្នកបើកបររថយន្តដឹកជញ្ជូនពលករខុសច្បាប់នោះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីវិធីផងដែរ៕
អត្ថបទ ៖ ឃិនសារិទ្ធ



