ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ អាចនឹងបញ្ចប់ការកែសម្រួលសៀវភៅជំនួយស្មារតី គ្រូពាក់ព័ន្ធនឹងបទប្បញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ នៅសប្ដាហ៍ទី១ ឬសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៣នេះ ខណៈការប្រមូលធាតុចូលពីភាគីនានា កំពុងនៅតែបន្ត ។
ក្នុងកម្មវិធីពិគ្រោះយោបល់ សៀវភៅជំនួយស្មារតី គ្រូពាក់ព័ន្ធនឹងបទប្បញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមការងារចំពោះកិច្ច នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា សៀវភៅនេះ នឹងក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ធ្វើការបណ្ដុះបណ្ដាលគ្រូទូទាំងប្រទេស ក្នុងកម្រិតជ្រើសរើសតាមភូមិភាគ ហើយឲ្យពួកគាត់ទទួលបានចំណេះដឹង ផ្នែកនីតិរដ្ឋធម្មនុញ្ញនេះទាំង៣កម្រិត ដែលបានបញ្ជ្រាប នឹងបញ្ជូនបន្តទៅក្រុមគ្រូបង្គោលដទៃទៀត ដើម្បីបានជ្រួតជ្រាបទូទាំងប្រទេស ។
ឯកឧត្តមបានបន្តថា ក្នុងដំណាក់កាលកសាងឯកសារគោល សៀវភៅនេះត្បិតត្រូវបានរៀបចំ និងមានការព្រមព្រៀងពីក្រុមការងារចំពោះកិច្ច ប៉ុន្តែធាតុចូលសំខាន់ៗនៅតែបើកចំហរ ហើយនឹងធ្វើការកែសម្រួល រហូតដល់សប្ដាហ៍ទីមួយ ឬសប្ដាហ៍ទីពីរ នៃខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកនឹងធ្វើការបណ្ដុះបណ្ដាល ហើយការពិគ្រោះយោបល់លើកនេះ នឹងប្រមូលធាតុចូលបន្ថែម ដើម្បីឲ្យក្រុមការងារពិចារណាអាចនឹងធ្វើការកែសម្រួល ។
ឯកឧត្តមបណ្ឌិត ហោ ប៉េង ទីប្រឹក្សាក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា សៀវភៅនេះល្អ សរសេរបានគ្រប់ជ្រុងជ្រោយច្រើន មានលក្ខណៈទាំងបច្ចេកទេស មានលក្ខណៈទាំងបច្ចេកទេសផ្នែកច្បាប់ និងមានលក្ខណៈជាការស្រាវជ្រាវ ។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា ចំពោះលក្ខណៈបច្ចេកទេសផ្នែកច្បាប់ មានពេញលេញ ហើយកម្រិតនៃការស្រាវជ្រាវគឺខ្ពស់ ចំណែកព័ត៌មានមួយចំនួន មានការស្រាវជ្រាវពីទិដ្ឋភាពច្បាប់សកលផង ច្បាប់ប្រទេសផ្សេងៗផង និងប្រវត្តិសាស្ត្ររបស់ខ្មែរផង ដែលឲ្យលោកគ្រូ អ្នកគ្រូអាចយកទៅបង្រៀនបាន ។
គួរបញ្ជាក់ថា ក្រោមអនុស្សារណៈ នៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សាធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានសម្រេចប្រកាសជាផ្លូវការ ចាប់ផ្តើមអនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា ។ ខ្លឹមសាររដ្ឋធម្មនុញ្ញមាន ៤០មាត្រា ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ៕ អត្ថបទ បាន សុខរិទ្ធិ


