បាត់ដំបង៖ អាជ្ញាធរស្រុកប៉ូងណាមរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ បានជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកកំរៀង មន្រ្តី និងកងកម្លាំងរបស់កម្ពុជាដែលឈរជើងប្រចាំការនៅច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អសំដៅបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងដែនរបស់ប្រជាពលរដ្ឋ និងការដោះដូរទំនិញនៅតាមបន្ទាត់ព្រំដែន។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោក ប្រាភីដ យ៉ានប៉ាន់យ៉ា(Praphit yanpunya) អភិបាលស្រុកប៉ូងណាមរ៉ង រួមនិងសហការី ដែលបានបំពេញបេសកកម្មនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង បាននាំយកភេសជ្ជៈមួយចំនួនផ្ដល់ជូនដល់អាជ្ញាធរស្រុក និងកងកម្លាំងពាក់ព័ន្ធប្រចាំការនៅច្រកទ្វារដូងក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។
លោកបណ្ឌិត រ៉ាត់ថាវីដ តាំងកៀត ផាឆារ៉ា (Dr.Radthawit tangkiatphachara) ប្រធានសមាគមលក់ដូរ និងទេសចរណ៍តាមជាយដែនថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី បានថ្លែងឱ្យដឹងថា ទោះបីជាប្រទេសទាំងពីរថៃ-កម្ពុជាបានជួបបញ្ហាប្រឈមនានាជាច្រើនបង្កឡើងដោយសារការរាតត្បាតជំងឺឆ្លងកូវីដ១៩នាប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែភាគីទាំងពីរបានប្រកាន់យកនូវដំណោះស្រាយរួមដោយការយោគយល់គ្នា ដើម្បីធ្វើការសម្របសម្រួលឱ្យគ្នាទៅវិញទៅមក ពឹងពាក់គ្នាទៅវិញមក ក្នុងការជំរុញធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងខេត្តច័ន្ទបុរី និងខេត្តបាត់ដំបងបានកាន់តែល្អប្រសើរ និង ផ្តល់ឱកាសឱ្យច្រកទ្វារអន្តរជាតិនៅទីនេះបានដំណើរការទៅយ៉ាល្អប្រសើរទាំងក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាកសិករនៃខេត្តទាំង២បានយ៉ាងរលូន។
លោក សុខ ដែន អភិបាលស្រុកកំរៀង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តច័ន្ទបុរី តាមរយៈលោកអភិបាលស្រុកប៉ូងណាមរ៉ង និងជាពិសេសចំពោះលោកបណ្ឌិត រ៉ាត់ថាវីដ តាំងកៀត ផាឆារ៉ា ដែលតែងតែបានជួយសម្របសម្រួលក្នុងការផ្លាស់ប្តូរកសិផលរវាងខេត្តទាំងពីរបានយ៉ាងល្អប្រសើរ ជាពិសេសខាងភាគីថៃបានយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលឱ្យបងប្អូនពលករខ្មែរបានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញដោយសុខសុវត្ថិភាពផងដែរ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានប្តេជ្ញាខិតខំក្នុងការពង្រឹងនូវកិច្ចសហប្រតិការល្អ ដើម្បីប្រែក្លាយព្រំដែនរវាងខេត្ត និងប្រទេសទាំង២ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដើម្បីធ្វើឱ្យជីវភាពរស់នៅនិងការប្រកបរបររកស៊ីរបស់ប្រជាជននៃប្រទេសទាំង២ ប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច ៕