តាកែវ ៖ មន្រ្តីជំនាញសុខាភិបាលខេត្តតាកែវ ថ្លែងឲ្យដឹងថា កម្មករចំនួន៣នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគកូវីដ១៩ នៅថ្ងៃទី៤ ខែឧសភានេះបាន ។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកបណ្ឌិត នុត ស៊ីណាត បានថ្លែងប្រាប់ BTV ថា កម្មការិនីទាំង៣នាក់ ដែលបំរើការនៅរោងចក្រPV ដេកាបូប ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ហើយបច្ចុប្បន្ននេះ កម្មការិនីទាំង៣នាក់ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
លោក បានបន្តថា បច្ចុប្បន្ននេះ មន្រ្តីជំនាញសុខាភិបាលកំពុងតែបន្តយកសំណាកបងប្អូនកម្មករមួយចំនួនទៀតទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។ ដោយឡែកចំពោះបងប្អូនដែលយកសំណាកហើយលទ្ធផលអវិជ្ជមាន ក៏យើងបានធ្វើការណែនាំពួកគាត់អោយបន្តធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវផងដែរ ព្រោះពួកគេនិងបន្តយកសំណាកលើកទី២ និងលើកទី៣ បន្តទៀត។
គួរបញ្ជាក់ថា កាលពីម្សិលមិញនេះរដ្ឋបាលខេត្តតាកែវ ដោយមានការចុះហត្ថលេខាដោយឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចមួយ ដោយធ្វើការផ្អាកដំណើរការ ជាបណ្តោះអាសន្នចំពោះរោងចក្រចំនួន ៤ ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ និងតម្រូវឲ្យកម្មករនិយោជិតជាង១២០០នាក់ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ ការផ្អាករោងចក្រទាំង៤ជាបណ្ដោះអាសន្ន បន្ទាប់បីមន្រ្តីជំនាញសុខាភិបាលបានរកឃើញជនជាតិចិន និងកម្មករដែលបំរើការនៅរោងចក្រខាងលើមានផ្ទុកមេរោគកូវីដ១៩៕
ដោយ៖គុជ វិភាគ





