ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសមន្ទីរពេទ្យកុមារជាតិ, នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យអគារថ្មី នៃមនី្ទពេទ្យកុមារជាតិ ដែលគ្រោងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី២០ ខែមេសាខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសចុះពិនិត្យនេះ ឯកឧត្តម រដ្ឋមន្រី្ត បានថ្លែងថា អគារថ្មី នៃមនី្ទរពេទ្យកុមារជាតិ បានបំពាក់នូវឧបករណ៍ថ្មី ទំនើបបន្ថែម ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ការតាមដានថែទាំសុខភាពជូនកុមារ មាតា និងការពិនិត្យផ្ទៃពោះ ដែលមានឧបករណ៍ទំនើប និងការថែទាំកុមារ កើតមកមិនគ្រប់ខែ ឬក៏កុមារ មានទំងន់មិនគ្រប់ មានបន្ទប់ថែទាំ។
ទន្ទឹមនឹងនោះក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣ បានបញ្ចប់ សង្កេតឃើញថា ប្រជាពលរដ្ឋទូទាំងប្រទេស មានភាពសប្បាយរីករាយ ក្នុងនោះយើងក៏បានតាមដានពិនិត្យសភាពការណ៍ ជាពិសេសករណីជំងឺឆ្លង ដើម្បីឲ្យក្រុមការងារគ្រូពេទ្យបានដឹងមុន ដើម្បីឆ្លើយតបបន្ទាន់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ។
បើតាមលោកសាស្រ្តាចារ្យ ញឹប អង្កាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានឲ្យដឹងថា មនី្ទរពេទ្យកុមារជាតិ មានសេវាធំៗចំនួន០២ គឺផ្នែកកុមារ និងផ្នែកសម្ភព ហើយអគារថ្មី(សម្ភព)នេះ ចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នាខែកញ្ញា ឆ្នាំ២០២២ សមិទ្ធផល នៃអគារមនី្ទរពេទ្យកុមារជាតិនេះ សាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល៕អត្ថបទ រដ្ឋា






