ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញរក្សាបរិស្ថានអនាម័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនប្រជាពលរដ្ឋដែលមកលេងសង្ក្រាន្តវត្តភ្នំ រយៈពេល ៣ ថ្ងៃមកនេះ ដែលមានពលរដ្ឋមកលេងយ៉ាងច្រើនកុះករ។
បន្ទាប់ពីកម្មវិធីសង្ក្រាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល០៣ថ្ងៃត្រូវបានបញ្ចប់ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ
បានដឹកនាំកម្លាំងគណៈបញ្ជាការបាញ់ទឹកលាងសំអាតទាំងខាងក្នុង និងខាងក្រៅ បរិវេណ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងតាមបណ្ដោយមហាវិថីមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។
លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានផ្ដល់បទសម្ភាសន៍ជាមួយ BTV ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះថា កម្មវិធីសង្ក្រាន្តនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល០៣ ថ្ងៃ កម្លាំងអាជ្ញាធរបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋដែលមកលេងកម្សាន្តបានល្អប្រសើរមិនមានអ្វីឲ្យប៉ះពាល់ដល់ពលរដ្ឋនៅឡើយ។ ពលរដ្ឋរាប់ម៉ឺននាក់បានមកលេងកំសាន្តនៅរមណីយដ្ឋានវត្តភ្នំទាំងយប់ទាំងថ្ងៃ បង្កភាពសប្បាយរីករាយក្រៃលែង។
លោកបានបន្ថែមទៀតថារៀងរាល់យប់ពេលពលរដ្ឋឈប់លេងកម្សាន្តអាជ្ញាធរតែងបាញ់ទឹកលាងសំអាតជារៀងរាល់យប់ដើម្បីឲ្យពលរដ្ឋមកលេងកម្សាន្តនៅថ្ងៃបន្ទាប់មានភាពល្អប្រសើរនិងសោភ័ណភាព មានភាពទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ។
ក្រោយពីបញ្ចប់កម្មវិធីសង្ក្រាន្តវត្តភ្នំ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជារអោយកម្លាំងបញ្ជាការឯកភាពខណ្ឌបានចុះធ្វើការបាញ់លាងសម្អាតក្នុងនិងក្រៅបរវេណរមណីយដ្ឋានវត្តភ្នំនិង បោះសំអាតសំរាមផ្សេងឲ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយឡើងវិញ ៕ ដោយ ៖ កុម្ភះ









