ភ្នំពេញ៖ គ្រួសារងាយរងហានិភ័យ ដោយសារការរងប៉ះពាល់សម្ពាធអតិផរណាប្រមាណជា ៩០ ភាគរយ នៅទូទាំងប្រទេស ទទួលបានកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល នៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជំហានទី២ ក្នុងរង្វង់ប្រមាណជាង ១៦ លានដុល្លារ ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្តិសុខសង្គម លើកឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់ឧបត្ថម្ភជួយដល់គ្រួសារងាយរងហានិភ័យ គឺបានធ្វើឡើងចំនួន ៣ លើក ដោយមួយលើកៗ រាជរដ្ឋាភិបាលចំណាយថវិកាក្នុងរង្វង់ប្រមាណ ១៨ លានដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋជាង ១,៥ លាននាក់ ដោយមានគោលដៅសំខាន់ ដើម្បីរក្សាលំនឹងស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បន្តឲ្យដឹងថា ចំពោះការឧបត្ថម្ភសាច់ប្រាក់នៅក្នុងជំហានទី២ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ គិតមកដល់ពេលនេះ គ្រួសារងាយរងហានិភ័យប្រមាណជា ៩០ ភាគរយហើយ ដែលទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ក្នុងរង្វង់សាច់ប្រាក់ប្រមាណជាង ១៦ លានដុល្លារអាមេរិក ។ ចំណែកគ្រួសារងាយរងហានិភ័យប្រមាណ ១០ ភាគរយ ដែលមិនទាន់បានបើកការឧបត្ថម្ភសាច់ប្រាក់នេះ ពួកគាត់នឹងមកទទួលបានជាបន្តបន្ទាប់។
សូមបញ្ជាក់ថា នៅក្នុងសម្ពាធអតិផរណាជាសកលនេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបប្រមាណជាង៥០ លានដុល្លារអាមេរិក សម្រាប់បើកផ្តល់គ្រួសារងាយរងហានិភ័យចំនួន ៣ លើក ក្នុងនោះលើកទី១ បានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី១០ ខែ មេសា ដែលកំពុងអនុវត្ត, ចំណែកលើកទី៣ គ្រោងចាប់ផ្តើមនៅថ្ងៃទី ១០ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្នុងនោះសម្រាប់ការឧបត្ថម្ភសាច់ប្រាក់មួយលើកៗ រាជរដ្ឋាភិបាលបានចំណាយថវិការប្រមាណជា ១៨ លានដុល្លារអាមេរិក នៅក្នុងគ្រួសារងាយរងហានិភ័យជាង១,៥ លាននាក់ នៅទូទំាងប្រទេស៕អត្ថបទ៖ សុន រ៉ាឌី