រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Merrick Garland បាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងយុត្តិធម៌មានបំណងតែងតាំងរដ្ឋអាជ្ញា និងទីប្រឹក្សាច្បាប់ដើម្បីជួយប្រទេសអ៊ុយក្រែន ដោយការខិតខំរបស់ខ្លួនក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមដែលសង្ស័យធ្វើឡើងដោយកងកម្លាំងរុស្ស៊ី។

លោក Garland បាននិយាយថា រដ្ឋអាជ្ញានឹងមានមូលដ្ឋាននៅទីក្រុងឡាអេ នៅ Eurojust ជាទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ បន្ទាប់ពីជំនួបជាមួយអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin ។
លោក Garland បាននិយាយថា ទីប្រឹក្សាច្បាប់តំណាងក្រសួងយុត្តិធម៌ ក៏នឹងត្រូវបញ្ជូនទៅកាន់ស្ថានទូតអាមេរិកនៅទីក្រុង Kyiv នៅរដូវក្តៅនេះ។ លោកនិយាយថា រដ្ឋអាជ្ញាប្រទេសអ៊ុយក្រែន បាននិងកំពុងធ្វើការជាមួយក្រសួងយុត្តិធម៌ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ដែលសហរដ្ឋអាមេរិកមានអំណាចច្បាប់ ដូចជាអ្នកទាំងឡាយណាដែលសម្លាប់ ឬធ្វើឱ្យជនជាតិអាមេរិករងរបួសជាដើម។
កាលពីថ្មីៗនេះសភាក៏បានពង្រីកសិទ្ធិអំណាចរបស់ក្រសួងដើម្បីកាត់ទោសឧក្រិដ្ឋជនសង្រ្គាមដែលបានរកឃើញនៅក្នុងសហរដ្ឋអាមេរិក។ លោក Garland និយាយថាយើងកំពុងដំណើរការល្អទាក់ទងនឹងជនសង្ស័យមួយចំនួន ហើយការស៊ើបអង្កេតកំពុងដំណើរការយ៉ាងល្អ។ រុស្ស៊ីបានបដិសេធការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងបដិសេធថា ពុំមានបំណងវាយប្រហារទៅលើជនស៊ីវិលនោះទេ។
អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បានប្រាប់អ្នកសារព័ត៌មានថា លោកស្វាគមន៍ជំនួយពីក្រសួងយុត្តិធម៌ និងបាននិយាយថា អ៊ុយក្រែនក៏កំពុងពិភាក្សាជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក អំពីលទ្ធភាពនៃការចែករំលែកព័ត៌មានចារកម្ម ដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមជាក់លាក់ ដែលបានប្រព្រឹត្តដោយរុស្ស៊ី។
កាលពីខែមិថុនាកន្លងទៅ លោក Garland បានជ្រើសរើសរដ្ឋអាជ្ញាជើងចាស់ម្នាក់លោក Eli Rosenbaum ដើម្បីដឹកនាំក្រុមទទួលខុសត្រូវឧក្រិដ្ឋកម្មសង្គ្រាមថ្មី ដែលមានភារកិច្ចសម្របសម្រួល និងផ្តល់ជំនួយដល់សមភាគីអន្តរជាតិ ដើម្បីជួយប្រមូល និងវិភាគភស្តុតាង ដើម្បីនាំយកឧក្រិដ្ឋជនសង្គ្រាមរុស្ស៊ីដែលជាប់សង្ស័យមកទទួលខុសត្រូវ៕