ភ្នំពេញ៖ ខណៈដែលពិធីបុណ្យប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយនៅទូទាំងរាជធានី ខេត្តនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ គេបានមើលឃើញថា កម្មករ កម្មការិនី រោងចក្រកាត់ដេរ បានវិលត្រឡប់ចូលបំពេញការងារឡើងវិញហើយ ជាមួយនឹងទឹកមុខសប្បាយរីករាយ។
ក្រុមកម្មការិនីរោងចក្រកាត់ដេរ ស្ថិតនៅតំបន់ទ្រុងមាន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំនៅស្រុកកំណើតឆ្នាំនេះ មានក្តីសប្បាយរីករាយជាងឆ្នាំកន្លងៗទៅ ដោយសារតែបានជួបជុំគ្រួសារ និងសាច់ញាតិ ជាពិសេសបានចូលរួមការរៀបចំពិធីសង្រ្កាន្តនានានៅតាមតំបន់រមណីយដ្ឋាន និងទីវត្តអារាម ក៏ដូចជាបានលេងល្បែងប្រជាប្រិយជាមួយបងប្អូនជិតឆ្ងាយ អមជាមួយនឹងបរិយាកាសអធិកអធម ក្រោមប្រទេសមានសុខសន្តិភាព។
ពួកគាត់ឲ្យដឹងទៀតថា អ្វីដែលធ្វើឲ្យពួកគាត់កាន់តែរីករាយថែមទៀតនោះ គឺអាចវិលត្រឡប់ និងចូលបំពេញការងារបានជាធម្មតាឡើងវិញ បន្ទាប់ពីសម្រាកអំឡុងពេលចូលឆ្នាំខ្មែរ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេស។
សម្រាប់ឆ្នាំ២០២៣នេះ ប្រមុខរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕
អត្ថបទ៖ ឈិត បូរ៉ាវី