ភ្នំពេញ៖ ក្រុមចោរលួច និងប្លន់យ៉ាងសកម្មប្រដាប់ដោយអាវុធ០២នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងមន្ត្រីនគរបាលម្នាក់បានរងរបួស ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បើកការឡោមព័ទ្ធបង្ក្រាបមុខសញ្ញាខាងលើ បន្ទាប់ពីបើកការស្រាវជ្រាវ និងតាមដានអស់ជាច្រើនខែរួចមក ។
ប្រតិបត្តិការបង្ក្រាប រហូតមានការបាញ់តបតគ្នាអស់ជាច្រើនគ្រាប់ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទល់មុខនឹងយានដ្ឋានជួសជុលរថយន្តមួយកន្លែង យីហោ « អេផ្លឹស » ស្ថិតក្រោយវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០២នាក់ ដែលត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅហ្នឹងកន្លែងនោះ ពុំត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ ។ ចំណែកមន្ត្រីនគរបាលដែលរងរបួស ក៏ពុំស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានតួនាទី ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនកើតហេតុ ក្រុមជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-6490 បានឌុបគ្នាធ្វើដំណើរចូលទៅមើលរថយន្តស៊េរីទំនើបមួយគ្រឿងដែលកំពុងជួសជុលនៅក្នុងយានដ្ឋានខាងលើ ហើយក៏ជារថយន្តដែលពួកគេធ្វើសកម្មភាពលួចបានកាលពីពេលកន្លងទៅ ។ ភ្លាមៗ នៅពេលដែលពួកគេទៅដល់មុខយានដ្ឋានខាងលើនោះ កម្លាំងសមត្ថកិច្ចដោយបានស្រាវជ្រាវ និងតាមដានពួកគេមកជាយូរហើយនោះ ក៏បានតាមបន្តដល់ចំណុចយានដ្ឋាន ហើយបានពង្រាយកម្លាំងធ្វើការឡោមព័ទ្ធទីតាំងតែម្តង ។
បន្ទាប់ពីឃើញសមត្ថកិច្ចហើយនោះ ក្រុមជនសង្ស័យ បានដកកាំភ្លើងខ្លីពីចង្កេះ រួចធ្វើការបាញ់ស្រោចទៅលើក្រុមសមត្ថកិច្ចជាមុន បណ្តាលអោយនាយរងការិយាល័យម្នាក់រងរបួសជើង ។ ហើយភ្លាមនោះ ដោយប្រើសិទ្ធិក្នុងការការពារខ្លួន កម្លាំងសមត្ថកិច្ចទាំងអស់ បានធ្វើការបាញ់តបតយ៉ាងសន្ធប់ទៅលើក្រុមជនសង្ស័យទាំង០២នោះវិញ ដោយបាញ់ចំលើដងខ្លួនពួកគេជាច្រើនគ្រាប់ បណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចដែលរងរបួស ត្រូវដឹកតាមរថយន្តបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។ ចំណែកឯនៅទីតាំងកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន រួមទាំងនគរបាលមកពីបណ្តាខណ្ឌពាក់ព័ន្ធមួយចំនួន ក៏ដូចជានគរបាលជំនាញកោសល្យវិច្ច័យ បានចុះធ្វើការសាកសួរនាំព័ត៌មាន ក៏ដូចជាពិនិត្យភស្តុតាង និងវត្ថុតាង ជុំទីតាំងដែលកើតមានការបាញ់តបតគ្នាខាងលើផងដែរ ។
ក្នុងប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតបានរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ដែលក្រុមចោរបានធ្វើសកម្មភាពលួចកន្លងមក រួមទាំងដកហូតបានអាវុធខ្លីមួយដើមផងដែរ ។
ជុំវិញករណីនេះដែរ បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមខាងលើ គឺជាក្រុមចោរលួចយ៉ាងសកម្មបំផុតនៅក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ដោយក្រុមនេះមានប្រដាប់ដោយអាវុធគ្រប់ដៃផងដែរ ។ ហើយមុខសញ្ញាដដែលនេះ ជាមុខសញ្ញាដែលសមត្ថកិច្ចបើកការស្រាវជ្រាវតាមចាប់ខ្លួនមកជាយូរខែដែរមកហើយ ។ ម្យ៉ាងវិញទៀតក្រុមនេះ មិនមែនមានគ្នាតែ០២នាក់ដែលបានស្លាប់នៅខាងលើនោះទេ គឺក៏នៅមានបក្សពួកបន្តទៀតទៀតដែរ ដែលសមត្ថកិច្ចកំពុងបន្តជំនាញ ក្នុងការតាមចាប់ខ្លួន ។
យ៉ាងចំពោះម្ចាស់យានដ្ឋានជួសជុលរថយន្តខាងលើ ក៏ត្រូវបានសមត្ថកិច្ចសុំការសហការ ដើម្បីសាកសួរនាំ នឹងបន្តទៅតាមជំនាញជាក់ស្តែងរបស់សមត្ថកិច្ចផងដែរ ៕ លីហេង







