
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និយាយថា ទាហានអេហ្ស៊ីបនៅប្រទេសស៊ូដង់ ពួកគេនៅទីនោះ ដើម្បីធ្វើសមយុទ្ធជាមួយសមភាគីស៊ូដង់ មិនមែននៅទីនោះ ដើម្បីគាំទ្រភាគីបង្កសង្រ្គាមណាមួយឡើយ។
ក្រោយការប៉ះទង្គិចគ្នាសម្លាប់មនុស្សយ៉ាងហោចណាស់១៨៥នាក់ បានផ្ទុះឡើងរវាងកងកម្លាំងគាំទ្ររហ័ស(RSF) និងកងទ័ពស៊ូដង់ កាលពីថ្ងៃសៅរ៍កន្លងទៅ កងកម្លាំង RSF បានចែករំលែកវីដេអូដែលពួកគេនិយាយថា ឃើញទាហានអេហ្ស៊ីប សុំចុះចូលជាមួយពួកគេនៅទីក្រុងភាគខាងជើង Merowe ដែលស្ថិតនៅពាក់កណ្តាលផ្លូវរវាងរដ្ឋធានី Khartoum របស់ស៊ូដង់ និងតំបន់ព្រំដែនជាមួយអេហ្ស៊ីប។
នៅក្នុងវីដេអូនេះ ឃើញមនុស្សប្រុសជាច្រើននាក់ស្លៀកពាក់ខោអាវកងទ័ព ក្រាបលើដី និងនិយាយគ្រាមភាសាអារ៉ាប់-អេហ្ស៊ីបទៅកាន់សមាជិកកងកម្លាំង RSF ដែលជាក្រុមយោធាប៉ារ៉ាដ៏ធំមួយរបស់ស៊ូដង់។
នៅក្នុងសុន្ទរកថាចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអេហ្ស៊ីប ក្រោយលោក Sisi ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃកងកម្លាំងប្រដាប់អាវុធកាលពីយប់ថ្ងៃចន្ទ លោកប្រធានាធិបតីរូបនេះ និយាយថា លោកនឹងទាក់ទងជាមួយកងកម្លាំង RSF ដើម្បីធានាសុវត្ថិភាពទាហានអេហ្ស៊ីបនៅស៊ូដង់។
លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo គឺជាមេដឹកនាំកងកម្លាំង RSF និយាយប្រាប់ទូរទស្សន៍អារ៉ាប់ Sky Newsថា ទាហានអេហ្ស៊ីប មានសុវត្ថិភាពទេ ហើយ RSF នឹងផ្តល់ចំណីអាហារ និងទឹកដល់ពួកគេ ហើយនិងត្រៀមខ្លួនសម្របសម្រួលការវិលត្រឡប់ទៅវិញរបស់ពួកគេ។
លោក Sisi បាននិយាយផងដែរថា អេហ្ស៊ីប បានទាក់ទងជាប្រចាំជាមួយកងទ័ពស៊ូដង់ និងកងកម្លាំង RSF ដើម្បីជំរុញពួកគេឈានដល់កិច្ចព្រមព្រៀងឈប់បាញ់៕

