ភ្នំពេញ៖ មន្ត្រីក្រសួងមហាផ្ទៃ រួមទាំងមន្ត្រីតាមក្រសួងស្ថាប័នពាក់ព័ន្ធ នឹងជួបជាមួយសមភាគីវៀតណាម នឹងលើកយកចំណុចការបន្តរុករកអដ្ឋិធាតុកងទ័ពកម្ពុជា បានពលីជីវិតក្នុងប្រទេសវៀតណាម មកពិភាក្សាក្នុងកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ។
ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំលើកទី១២ រវាងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទីទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនេះ បានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ ដោយភាគីទាំងពីរ បានរៀបចំកិច្ចប្រជុំប្តូរវេនជាម្ចាស់ផ្ទះម្នាក់ម្តង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ។
ឯកឧត្តម បានបន្តថា ក្នុងកិច្ចប្រជុំលើកទី១២ ភាគីទាំងពីរ នឹងពិភាក្សាទៅលើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការគ្រប់គ្រងច្រកទ្វាព្រំដែន វិស័យគមនាគមន៍ និងដឹកជញ្ជូន ព្រមទាំងវិស័យសំខាន់ផ្សេងៗទៀត និងការងាររុករកអដ្ឋិធាតុកងទ័ព និងធ្វើមាតុភូមិនិវត្តន៍ ព្រមទាំងពិភាក្សាលើការងារ ដែលនៅសេសសល់មួយចំនួនទៀតផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំដែលរៀបចំឡើងនៅថ្ងៃនេះ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ដែលនឹងរៀបចំធ្វើឡើងនៅប្រទេសវៀតណាម នាពេលខាងមុខ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ







