សៀមរាប៖ ប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ មកពីឃុំចំនួន៤ នៃស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានទទួលអំណោយជាស័ង្កសីពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីធ្វើការជួសជុលលំនៅដ្ឋានឡើងវិញ។ពិធីប្រគល់ធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រីខេត្ដសៀមរាប នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះស្ថិតនៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះ រស់នៅឃុំរុនតាឯក ឃុំព្រះដាក ឃុំរំចេក និងឃុំឃុនរាម ពួកគាត់រងគ្រោះដោយខ្យល់កន្ដ្រាក់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលបណ្ដាលឲ្យរបើកជញ្ជាំង ដំបូលផ្ទះ និងរំលំផ្ទះទាំងស្រុងសរុបស្មើ ៦២ខ្នងផ្ទះ។ ហើយកន្លងមកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ក៏បានជួយជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងភូមិធម្មជាតិរុនតាឯកថ្មី បានចំនួន១៤ខ្នង ផងដែរ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិដូចគ្នានេះ។
សូមជម្រាបថា សម្រាប់ប្រជាពលរដ្ឋរងគ្រោះមកពីឃុំទាំង៤ ទទួលបានស័ង្កសីសរុបទាំងអស់៧៦១សន្លឹក ក្នុងនោះ៖ ឃុំឃុនរាម មាន១៤គ្រួសារ ទទួលបានស័ង្កសី ១១៥សន្លឹក, ឃុំរំចេក ១គ្រួសារ ទទួលបានស័ង្កសី ២៥សន្លឹក, ឃុំព្រះដាក់ ១២គ្រួសារ ទទួលបានស័ង្កសី ៩៨សន្លឹក និងឃុំរុនតាឯក ៣៣គ្រួសារ ទទួលបានស័ង្កសី ៥២៣សន្លឹក៕





