លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបក្រុមមេបញ្ជាការរបស់លោកនៅក្នុងតំបន់២ ក្នុងប្រទេសអ៊ុយក្រែន ដែលពេលនេះ ទីក្រុង Moscow អះអាងថាជារដ្ឋឯករាជ្យ ។ ដំណើររបស់លោកកើតឡើងស្របពេលកងម្លាំងរុស្ស៊ី បានបង្កើនការវាយប្រហារដោយកាំភ្លើង ធំធុនធ្ងន់ និងការវាយប្រហារតាមអាកាសទៅលើទីក្រុង Bakhmut ភាគខាងកើតរបស់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញរួចទៅហើយនោះ។

វិមានក្រឹមឡាំងនិយាយថា លោក Putin បានចូលរួមកិច្ចប្រជុំនៅទីបញ្ជាការយោធាមួយនៅក្នុងតំបន់ Kherson ភាគខាងត្បូង និងបានទៅកាន់ទីស្នាក់ការកណ្ដាលឆ្មាំជាតិ នៅតំបន់ Luhanskភាគខាងកើត។ ប្រភពខាងលើពុំបាននិយាយថា តើដំណើរចុះពិនិត្យស្ថានការសង្រ្គាមទាំងនោះ បានកើតឡើងនៅពេលណានោះទេ។
លោក Putin បានស្ដាប់របាយការណ៍ពីក្រុមមេបញ្ជាការនៃកងកម្លាំងអាកាសនិងក្រុមកងទ័ព Dnieper ព្រមទាំងក្រុមមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដែលបានផ្ដល់របាយការណ៍ឲ្យលោកស្ដីពីស្ថានភាពនៅក្នុងតំបន់ Kherson និង Zaporizhzhia ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។
លោកPutin បានប្រាប់ក្រុមមេបញ្ជាការទាំងនោះថា វាពិតជាសំខាន់សម្រាប់លោកក្នុងការស្ដាប់គំនិតរបស់អ្នកទាំងអស់គ្នាពីស្ថានភាពកំពុងវិវឌ្ឍន៍ ស្ដាប់អ្នកទាំងអស់គ្នា ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នា។
តំបន់ Kherson, Zaporizhzhia, Luhansk និង Donetsk គឺជាតំបន់ទាំង៤ដែលលោក Putin និយាយថា ជារដ្ឋឯករាជ្យដាច់ពីទីក្រុង Kyiv ក្រោយការបោះឆ្នោតប្រជាមតិ ដែលលោកខាងលិចបានហៅថាជាប្រជាមតិក្លែងក្លាយ។ គួរឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងតំបន់ទាំង៤នោះ ដោយផ្នែកប៉ុណ្ណោះ ៕
