ភ្នំពេញ៖ ការចាប់ផ្តើមបើកជើងហោះហើរត្រង់ រវាងទីក្រុងហ្សាកាតា និងរាជធានីភ្នំពេញ ជាការបើកទំព័រសករាជថ្មី លើគោលដៅគាំទ្រកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងការស្តារវិស័យទេសចរណ៍ សម្រួលដល់ការធ្វើដំណើររបស់ធុរកិច្ចជន និងវិនិយោគិន។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងនៃការបើកជើងហោះហើរត្រង់រវាងកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសធំ និងមានប្រជាជនច្រើន មានសក្តានុពលលើវិស័យទេសចរណ៍ដ៏សំខាន់ផងដែរ ដោយមានភ្ញៀវទេសចរណ៍អន្តរជាតិចាប់អារម្មណ៍និងទៅទស្សនាកម្សាន្តនៅប្រទេសនោះក៏ច្រើន។
ចំពោះតាមរយៈនៃការបើកជើងហោះហើរត្រង់ ពីទីក្រុងហ្សាការតា-ភ្នំពេញនេះ នឹងជួយដល់ការធ្វើដំណើរចំពោះអ្នកដែលមានគោលដៅឆ្លងកាត់រវាងប្រទេសទាំងពីរ អ្នកធ្វើជំនួញផ្សេងៗ និងការហូរចូលភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើន ជាពិសេសការហូរចូលភ្ញៀវទេសចរណ៍អន្តរជាតិផ្សេងៗ ដែលមកទស្សនានៅប្រទេសឥណ្ឌូនេស៊ី នឹងអាចតភ្ជាប់ចូលមកកាន់ប្រទេសកម្ពុជា ដែលនឹងអាចធ្វើឲ្យកម្ពុជា ទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើន ព្រោះកម្ពុជាគឺជាប្រទេសមួយមានសក្តានុពលវិស័យទេសចរណ៍គ្រប់បែបយ៉ាង។
ជុំវិញការបើកជើងហោះហើរនេះដែរ,ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា បានជួបជាមួយសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី ក្នុងនោះរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានជំរុញនៃការតភ្ជាប់ជើងហោះហើរនេះផងដែរ។
ឧកញ៉ា លឹម ហេង បន្តថា ជាលទ្ធផល ប្រទេសទាំងពីរឈានដល់ការតភ្ជាប់គ្នាបាន ដែលតាមរយៈនេះ គឺជាការជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ តាមរយៈការស្រូបយកសក្តានុពលវិនិយោគ និងការធ្វើពាណិជ្ជកម្មផ្សេងៗ និងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ខណៈដែលប្រទេសទាំងពីរមានសក្តានុពលលើវិស័យទេសចណ៍ដូចគ្នា។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៩ នេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia របស់ប្រទេសឥណ្ឌូនេស៊ី បានបើកសម្ពោធជើងហោះហើរពីហ្សាកាតា-ភ្នំពេញ ដោយធ្វើឡើងនៅការិយាល័យស្ថានទូតឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ។
ចំពោះផ្លូវហោះហើរថ្មីនេះ នឹងត្រូវផ្តល់សេវាដោយយន្តហោះ A320 ដែលអាចផ្ទុកភ្ញៀវបាន ១៨០ នាក់ ដោយក្នុងមួយសប្តាហ៍ធ្វើការហោះហើរចំនួន៤ លើក ក្នុងនោះការហោះហើរពីទីក្រុងហ្សាកាតា មកកាន់ទីក្រុងភ្នំពេញ នៅរៀងរាល់ថ្ងៃ ច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ, ចំណែកពីភ្នំពេញ ទៅហ្សាកាតា ពីថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយមាននឹងតម្លៃសំបុត្រចាប់ពី ៨០ ដុល្លារ ៕
អត្ថបទ៖ សុន រ៉ាឌី