អឺរ៉ុប៖ សហភាពអឺរ៉ុបស្នើសុំដល់រដ្ឋដែលជាសមាជិករបស់ខ្លួន ឲ្យដកចេញវិធានការរឹតត្បិតប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 លើការធ្វើដំណើរមិនចាំបាច់ ដើម្បីអនុញ្ញាតឲ្យភ្ញៀវបរទេសដែលចាក់វ៉ាក់សាំងរួចអាចចេញ-ចូលប្លុកមួយនេះបាន។

គណៈកម្មការអឺរ៉ុបដែលជាផ្នែកប្រតិបត្តិរបស់សហភាពអឺរ៉ុប បានដាក់ចេញសំណើថ្មីមួយនេះ កាលពីថ្ងៃចន្ទ។ ក្រោមគម្រោងដែលបានដាក់ចេញ ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតដោយសហភាពអឺរ៉ុបអាចចេញ-ចូលប្លុកមួយនេះបាន បើទោះបីជាគ្មានហេតុផលចាំបាច់ក៏ដោយ។ វានឹងអនុញ្ញាតឲ្យមានការធ្វើដំណើរពីប្រទេស ដែលមានស្ថានភាពជំងឺ COVID-19 ល្អប្រសើរ។ បច្ចុប្បន្នប្រជាពលរដ្ឋមកពីបណ្ដាប្រទេសចំនួន ៧គត់រួមទាំងអូស្ត្រាលី និងកូរ៉េខាងត្បូងអាចចូលសហភាពអឺរ៉ុបបាន មិនសំខាន់ថាពួកគេចាក់វ៉ាក់សាំង ឬមិនទាន់ចាក់វ៉ាក់សាំងនោះទេ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺឡេយ៉េន បានសរសេរតាម Twitter ថា ដល់ពេលដែលត្រូវស្រោចស្រង់ឧស្សាហកម្មទេសចរណ៍ និងមិត្តភាពឆ្លងកាត់ព្រំដែនម្តងហើយ។ ផែនការថ្មីនេះដែរ ទំនងជាមានគោលបំណងធ្វើឲ្យល្អប្រសើរឡើង វិស័យទេសចរណ៍នៅក្នុងប្លុកមួយនេះអំឡុងវិស្សមកាលរដូវក្តៅ។ សហភាពអឺរ៉ុបមានគម្រោងទទួលបានការឯកភាព ពីប្រទេសជាសមាជិករបស់ខ្លួននៅដំណាច់ខែឧសភា និងណែនាំឲ្យមានបទបញ្ជាការធ្វើដំណើរថ្មីនៅខែមិថុនាខាងមុខនេះ៕
អត្ថបទ៖ សារ៉ាត់