កំពង់ចាម៖ មន្ត្រីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តបណ្ដុះបណ្ដាលដល់ក្រុមអ្នកសម្របសម្រួលកសិកម្មឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីពង្រឹងជំនាញរបស់ពួកគេ ក្នុងការជួយដល់កសិករនៅតាមមូលដ្ឋាន លើការងារអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម សហការជាមួយអង្គការ GIZ ដែលវគ្គនេះ មានរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់២១ ខែមេសា ២០២៣ ផ្តោតលើប្រធានបទ “ជំនាញសម្របសម្រួល របៀបធ្វើការជាមួយកសិករ និងអាហាររូបត្ថម្ភ” ។
ឯកឧត្តមបានបន្តថា ក្រសួងកសិកម្ម នឹងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាល ជាបន្តបន្ទាប់ ឲ្យបានទៀងទាត់ ដើម្បីបង្កើនសមត្ថភាពមន្រ្តីសម្របសម្រួលកសិកម្មឃុំ ក្នុងការធ្វើការបម្រើកសិករឲ្យបានល្អប្រសើរ ហើយទន្ទឹមនឹងនេះ ក៏កំពុងត្រៀមខ្លួន ដើម្បីពង្រីកការងារនេះ ឲ្យបានគ្រប់ឃុំ នៅពេលខាងមុខឆាប់ៗ ទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

