
ក្រុមមន្រ្តីនិយាយថា អ្នកជំងឺយ៉ាងហោច ២៩នាក់ បានសម្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះមន្ទីរពេទ្យឯកជនមួយកន្លែងស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យនេះ បានកើតឡើង ពេលដែលសម្ភារៈថ្នាំលាបមានចំហេះ បានឆាបឆេះឡើង អំឡុងពេលការងារជួសជុលកែលម្អនៅក្នុងមន្ទីរពេទ្យ ។
សារព័ត៌មានរដ្ឋ រាយការណ៍ថា អគ្គិភ័យនេះ បានឆាបឆេះឡើងនៅមុនវេលាម៉ោង ១រសៀលថ្ងៃអង្គារ នៅជ្រុងខាងកើតនៃមន្ទីរពេទ្យ Beijing Changfeng ហើយវាត្រូវបានពន្លត់វិញនៅរយៈពេលកន្លះម៉ោងក្រោយមក សារព័ត៌មាន Aljazeera Network រាយការណ៍ថា លោក Li Zongrong គឺជាចៅសង្កាត់រង Fengtai ស្ថិតនៅភាគខាងលិចទីក្រុងប៉េកាំង ជាកន្លែងដែលមន្ទីរពេទ្យស្ថិតនៅ បានសម្តែងនូវការរំលែកទុក្ខយ៉ាងជ្រាលជ្រៅរបស់លោក ពេលដែលលោកប្រកាសករណីស្លាប់កើនឡើងខ្ពស់ជាងមុននៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះ។
សារព័ត៌មានផ្សេងទៀត រាយការណ៍ផងដែរថា ប្រធានមន្ទីរពេទ្យស្ថិតនៅក្នុងចំណោមអ្នកស្លាប់។ វីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញកម្រាលពួកចងតាមបង្អួច ជាកន្លែងដែលអ្នករស់រាន បានគេចចេញពីអណ្តាតភ្លើងដែលកំពុងឆាបឆេះ ។
រូបភាពវីដេអូឃ្លីបរបស់សាក្សីទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញមនុស្សម្នាក់ ប្រើប្រាស់កម្រាលពួកចងភ្ជាប់នឹងបង្អួច រួចសម្រូតខ្លួនចុះ ដើម្បីគេចចេញពីអណ្តាតភ្លើង ខណៈដែលមនុស្សម្នាក់ទៀត អង្គុយលើម៉ាស៊ីនត្រជាក់ ពេលដែលអណ្តាតភ្លើងកំពុងឆាបឆេះនៅក្នុងមន្ទីរពេទ្យ Beijing Changfeng ។
អគ្គិភ័យនេះដែរ ស្ថិតក្នុងចំណោមអគ្គិភ័យសម្លាប់មនុស្សច្រើនបំផុតនៅទីក្រុងប៉េកាំង នារយៈពេល ២ទសវត្សរ៍កន្លងមកនេះ ៕
