ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារផ្ញើជូនជនរួមជាតិនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានប្រកាសលើកលែងការជួបជុំគ្រប់ប្រភេទ នូវកាតព្វកិច្ចពាក់ម៉ាស់ ដោយបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់តាមជម្រើសរៀងៗខ្លួន។
ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការធ្វើតេស្តរហ័ស ក្នុងពិធីជួបជុំគ្រប់ប្រភេទ តែបុគ្គលម្នាក់ៗអាចធ្វើតេស្តរកមេរោគកូវីដ-១៩តាមជម្រើសរៀងៗខ្លួន។
សម្តេតេជោ ហ៊ុន សែន ប្រកាសសូមឲ្យបន្តវិធានការអនាម័យ ដោយត្រូវលាងដៃនឹងសាប៊ូ ឬជែល ដើម្បីការពារការឆ្លងមេរោគផ្សេងៗ។
សម្ដេចតេជោបញ្ជាក់ថា អ្នកដែលចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះជាមួយសម្ដេច គឺមិនចាំបាច់ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នោះទេ ដែលនេះគឺជាកាដូក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ។
សម្ដេចតេជោ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឬអ្នកដែលមានការសង្ស័យថា ខ្លួនមានជំងឺកូវីដ-១៩ អាចធ្វើតេស្តដោយខ្លួនឯង ខណៈរាជរដ្ឋាភិបាលបានលើកលែងកាតព្វកិច្ចលើការធ្វើតេស្តរហ័សនេះ៕
