
ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃពុធ (១៩មេសា) នេះថា ខ្លួននឹងណែនាំស្តង់ដារថ្មីដែលផ្តោតលើការបញ្ចេញផ្សែងពីយានយន្ត ដើម្បីបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីតាមឲ្យទាន់ប្រទេសជឿនលឿនផ្សេងទៀត។
ប្រទេសអូស្ត្រាលីបានលក់រថយន្តអគ្គិសនីត្រឹមតែ៣,៨% ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលលទ្ធផលនេះ នៅទាបជាងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ដែលបានលក់រថយន្តអគ្គិសនីមានដូចជាចក្រភពអង់គ្លេស១៥% និងអឺរ៉ុប ១៧%។
អូស្ត្រាលីគឺជាប្រទេសអភិវឌ្ឍន៍តែមួយគត់ក្រៅពីប្រទេសរុស្ស៊ី ដែលមិនមានឬកំពុងអភិវឌ្ឍស្តង់ដារសន្សំសំចៃប្រេងឥន្ធនៈដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតផ្គត់ផ្គង់រថយន្តអគ្គិសនី និងរថយន្តគ្មានការបញ្ចេញផ្សែងឲ្យកាន់តែច្រើន។
រដ្ឋមន្ត្រីថាមពលលោក Chris Bowen ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ជាមធ្យមរថយន្តថ្មីៗនៅប្រទេសអូស្ត្រាលីប្រើប្រាស់ប្រេងឥន្ធនៈ៤០% ច្រើនជាងសហភាពអឺរ៉ុប និង២០% ច្រើនជាងសហរដ្ឋអាមេរិក ដោយការស្រាវជ្រាវជាច្រើនបង្ហាញពីការណែនាំអំពីស្តង់ដារសន្សំសំចៃប្រេងអាចជួយសន្សំសំចៃអ្នកបើកបរបាន៥១៩ដុល្លារអូស្ត្រាលី (៣៤៩ដុល្លារ) ក្នុងមួយឆ្នាំ។
ការដឹកជញ្ជូនគឺជាប្រភពធំបំផុតទី៣នៃការបញ្ចេញកាបូនឌីអុកស៊ីត នៅក្នុងប្រទេសអូស្ត្រាលី ហើយក៏ជាប្រភពបញ្ចេញកាបូនឌីអុកស៊ីតដ៏បំផុតមួយក្នុងពិភពលោកដោយផ្អែកលើមូលដ្ឋានរួម។ លោក Bowen បានបន្ថែមថា គំនិតផ្តួចផ្តើមនេះនឹងជួយកាត់បន្ថយការបំភាយឧស្ម័នរបស់ប្រទេសនេះយ៉ាងហោចណាស់៣លានតោននៃការបញ្ចេញកាបូនឌីអុកស៊ីតនៅឆ្នាំ២០៣០និងជាង១០លានតោននៅឆ្នាំ២០៣៥ ។
