
យានដ្ឋានចតរថយន្តមួយបានបាក់រលំក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ ដោយបានសម្លាប់កម្មករយ៉ាងហោចណាស់ម្នាក់ និង៥នាក់ផ្សេងទៀតរងរបួស។ យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងបានឲ្យដឹងថា ពួកគេទាំង៦នាក់នៅខាងក្នុងអគារ៤ជាន់នោះនៅពេលការរលំកើតឡើង។ អគារនោះមានទីតាំងនៅជិតផ្សារហ៊ុនញូវយ៉កនិងសាកលវិទ្យាល័យ Pace នៅតំបន់ Manhattan។
ក្រុមអ្នកពន្លត់អគ្គីភ័យត្រូវបានចុះទៅកាន់កន្លែងកើតហេតុ ប៉ុន្តែបើយោងតាមលោក John Esposito ប្រធានប្រតិបត្តិការពន្លត់អគ្គីភ័យក្នុងទីក្រុងនិយាយថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្រុមអ្នកពន្លត់អគ្គីភ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
លោក Esposito បាននិយាយថា អគារនោះកំពុងដួលរលំ ហើយបើទោះបីជាក្រុមអ្នកពន្លត់អគ្គីភ័យនៅខាងក្នុងកំពុងធ្វើការស្វែងរកក៏ដោយ ក៏ពួកគេត្រូវបង្ខំចេញមកវិញ ដោយបញ្ជូនឧបករណ៍គ្រឿងយន្តទៅក្នុងអគារជំនួសវិញ។
ឯកសារតាមអ៊ីនធឺណិតរបស់នាយកដ្ឋានអគារទីក្រុងញូវយ៉ក បានបង្ហាញថា រចនាសម្ព័ន្ធដែលដួលរលំនោះ ត្រូវបានរាយការណ៍ពីការបំពានច្បាប់សំណង់ចំនួន ៤៥ករណី ដែលក្នុងនោះមាន ២៥ករណីតាំងពីឆ្នាំ ២០០៣។