ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជាដែលហៅកាត់ថា ក.អ.ក នឹងរៀបចំវេទិកាមួយ ដើម្បី«ពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន ខណៈវេទិកានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំក្បែរវិមានឯករាជ្យ ហើយនឹងមានសមាជិកចូលរួមជាងប្រាំរយនាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) បានបញ្ជាក់ថា វេទិកានេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន ហើយការផ្តួចផ្តើមគំនិតក្នុង ការជួបជុំគ្នានេះដែរ ក៏ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភាផងដែរ។
លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះថា«នេះជាវេទិកាដ៏ធំមួយនៅក្នុងប្រវត្តិនៃវិស័យសារព័ត៌មាន ដែលបើកឲ្យមានការពិភាក្សាវែកញែកអំ ពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលជាប្រធានបទដ៏ក្តៅនៅក្នុងយុគសម័យឌីជីថល»។
ជាមួយនឹងការរៀបចំនៃវេទិកានាពេលខាងមុខនេះ លោកពុយ គា ក៏បានរំពឹងផងដែរថា វេទិកានេះ នឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឲ្យកាន់តែប្រសើរ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តងដែលជាខែលការពារអ្នកសារព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់ជាដើម។
សូមបញ្ជាក់ថា វេទិកាខាងលើនេះ នឹងត្រូវបែងចែកជាបីវគ្គ គឺវគ្គទី១៖ ចាប់ផ្តើមពីម៉ោង២រសៀល ដល់៥ល្ងាច គឺជាវគ្គពិភាក្សាដេញដោល និងចែករំលែកពិសោធន៍ព្រមទាំងចំណេះដឹងស្តីពី ការអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន។ នៅក្នុងវគ្គទី១នេះ លោកពុយ គា នឹងធ្វើបទបង្ហាញនូវអត្ថបទក្រម សីលធម៌របស់ក្លឹបអ្នកកាសែតដល់សមាជិកទាំងអស់ផងដែរ ហើយខណៈវគ្គទី១នេះដែរ ក៏នឹងមានវត្តមាន អ្នកកាសែតជើងចាស់ ដែលពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេសដូចជាមកពីប្រទេសអូស្ត្រាលី បារាំង អាល្លីម៉ង់ និងថៃ ចំនួន១០ចាំឆ្លើយនឹងសំណួរ និងចែករំលែកបទពិសោធន៍របស់ពួកគេផងដែរ។
វគ្គទី២៖ចាប់ពីម៉ោង៥ដល់ម៉ោង៦ល្ងាច គឺជាវេទិកាសំណេះសំណាលរបស់ឯកឧត្តម ខៀវ កាញារិទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាសមាជិកក្លឹបអ្នកកាសែតកម្ពុជា។ និងវគ្គទី៣៖ ជាពិធីបរិភោគអាហារសាមគ្គី ដែលភ្ជាប់មកជាមួយនឹងការចាប់រវង្វាន់ជាច្រើនដែលឧបត្ថម្ភដោយវិស័យឯកជន សប្បុរសជនដែលគាំទ្រ និងលើកស្ទួយវិស័យសារព័ត៌មានកម្ពុជាផងដែរ៕ ដោយ ៖ បាន ចក់

