ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការជំរុញការអនុវត្តប្រកាសរួមលេខ ៣៣០ ស.ក.ប.យ ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស និងប្រកាសរួមលេខ ១៣៩ ស.ក.ប.យ ស្តីពីលក្ខខណ្ឌ និងបេសកម្មសេវាពេទ្យសហគ្រាស ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការឧត្ថម្ភពីគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព របស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID-EQHA) ដែលអនុវត្តដោយអង្គការ FHI 360។
សមាសភាពចូលរួម មានមកពីខាងនាយកដ្ឋានពេទ្យការងារ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈគ្រូពេទ្យកម្ពុជា គណៈឆ្មបកម្ពុជា គណៈគិលានុប្បដ្ឋាករកម្ពុជា គណៈឱសថការីកម្ពុជា គណៈទន្តពេទ្យកម្ពុជា និងអង្គការដៃគូជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធដទៃប្រមាណ ១០០នាក់ ក្នុងគោលបំណងពង្រឹងជំនាញ និងចំណេះដឹងបន្ថែមទាក់ទងទៅនឹងតម្រូវការចាំបាច់នានា ដើម្បីជួយសម្រួលដល់ការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមគិលានដ្ឋានរោងចក្រ សហគ្រាស។






