ការព្យាយាមស្វែងរកបទឈប់បាញ់ថ្មីមួយរវាងទាហានស៊ូដង់ និងកងកម្លាំងប៉ារ៉ា នៅក្នុងរដ្ឋធានីកាទូម (Khartoum) ត្រូវបរាជ័យ ដែលបង្កើនក្ដីបារម្ភកាន់តែខ្លាំងជុំវិញការធ្លាក់ចុះការផ្គង់ផ្គង់អាហារ និងដួលរលំសេវាវេជ្ជសាស្ត្រដ៏សំខាន់។

បទឈប់បាញ់រយៈពេល២៤ម៉ោង ដែលត្រូវបានសម្របសម្រួលដោយប្រទេសជាច្រើនក្នុងការព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ បន្ទាប់ពីផ្ទុះជម្លោះប៉ុន្មានថ្ងៃមកនេះ គ្រោងចូលជាធរមាននៅម៉ោង៦ព្រឹកម៉ោងនៅប្រទេសស៊ូដង់។ ទោះយ៉ាងណាក៏ដោយ អ្នកឃើញហេតុការណ៍នៅក្នុងរដ្ឋធានីកាទូម និយាយថាការវាយប្រយុទ្ធគ្នានៅតែបន្តកាលពីថ្ងៃពុធ។
អ្នកឆ្លើយឆ្លងសារព័ត៌មាន Al Jazeera អ្នកស្រី Hiba Morgan បាននិយាយថា យើងនៅតែអាចលឺស្នូរគ្រាប់កាំភ្លើងធំនៅក្បែរវិមានប្រធានាធិបតី និងទីបញ្ជាការយោធា។
អ្នកស្រីបានបន្ថែមថា បទឈប់បាញ់នេះ មិនមែនអត់លក្ខខណ្ឌទេ ដោយភាគីទាំងសងខាងនិយាយថា ពួកគេនឹងមិនបាញ់មុនទេ បើភាគីផ្សេងទៀតមិនបាញ់មុននោះ ។

កាលពីថ្ងៃពុធទី១៩មេសា គេបានឃើញប្រជាពលរដ្ឋមួយចំនួននៅក្នុងរដ្ឋធានីកាទូមអូសវ៉ាលីស៍ទៅកាន់រថយន្តដើម្បីរត់គេចចេញពីរដ្ឋធានី ជាទីដែលការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅតែបន្តដល់ថ្ងៃទី៥ ហើយថាមពលអគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់។
ក្រសួងសុខាភិបាលស៊ូដង់ បាននិយាយដោយសំអាងដល់អង្គការសុខភាពពិភពលោកថា មនុស្សយ៉ាងហោចណាស់២៧០នាក់បានស្លាប់ និង២.៦០០នាក់ បានរងរបួស ៕