ភ្នំពេញ៖ រាជរដ្ឋាភិបាល បានទទួលចំណូលពន្ធ ទាំងពន្ធគយ និងពន្ធដារ សរុបចំនួន ១ពាន់លានដុល្លារអាមេរិក ក្នុងខែមីនា ដែលចំនួននេះបានកើនឡើងពី៩០០លាន ដែលសម្រេចបានក្នុងខែមីនាឆ្នាំមុន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖“ក្នុងខែមីនា យើងទទួលបានចំណូលពន្ធ ប្រមាណ១០០០លានដុល្លារ ដោយសារខែមិនា ជាខែដែលមានចំណូលពន្ធកើនឡើង ដោយឆ្នាំមុន យើងបានតែប្រហែលជាង៩០០លានដុល្លារ”។ កម្ពុជាមានស្ថាប័នចំនួនពីរ ដែលទទួលខុសត្រូវក្នុងការប្រមូលពន្ធ គឺអគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូលពន្ធ លើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងមួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។
យោងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបានប្រមូលចំណូលពន្ធ បានចំនួន ១ ៩០៧ លានដុល្លារក្នុងត្រីមាស១ ឆ្នាំ២០២៣នេះ កើនឡើង ២,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ