ភ្នំពេញ៖ ឯកឧត្តម ជាម ច័ន្ធសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា យ៉ាងហោចណាស់ ក្នុងមួយឆ្នាំៗខេត្តត្បូងឃ្មុំ អាចរកចំណូលបានប្រមាណ១២០លានដុល្លារ ពីដំណាំកៅស៊ូ ខណៈខេត្តមួយនេះ ក៏មានដំណាំដ៏មានសក្កានុពលមួយចំនួនទៀត ដូចជាស្វាយចន្ទី ដំឡូមី ស្រូវ ស្វាយកែវរមៀត និងម្រេចជាដើម ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ខេត្តត្បូងឃ្មុំក៏ មានសក្ដានុពលផងដែរលើវិស័យកសិកម្ម ក៏ដូចជាច្រកមួយក្នុងការដោះដូរពាណិជ្ជកម្មជាមួយប្រទេសជិតខាត និងអាចរកចំណូលចូលជាតិជារៀងរាល់ឆ្នាំ តាមរយៈពន្ធគយជាដើម ។
ឯកឧត្តមបានបន្តថា ក្នុងចំណោមដំណាំមានសក្ដានុពលនានា ខេត្តត្បូងឃ្មុំ មានដំណាំកៅស៊ូ រហូតដល់ជាង ៨ម៉ឺនហិកតា ក្នុងនោះជាលក្ខណៈក្រុមហ៊ុនចំនួនជិត ៣ម៉ឺនហិកតា និងលក្ខណៈគ្រួសារជាង ៥ម៉ឺនហិកតា ដែលមួយឆ្នាំៗអាចរកចំណូលបានមិនតិចជាង ១២០លានដុល្លារនោះទេ ។
ឯកឧត្តម ជាម ច័ន្ធសោភ័ណ បានបន្ថែមថា ក្រៅពីនេះ ខេត្តក៏មានដំណាំអទិភាពផ្សេងទៀត ដូចជា ដំឡូមីចំនួនជាង ៥ម៉ឺនហិកតា ដែលអាចប្រមូលផលបានលើស ១លានតោន ដោយផលមួយចំនួន ត្រូវបានកែច្នៃក្នុងស្រុក និងមួយចំនួនទៀត ក៏បាននាំទៅលក់នៅក្រៅប្រទេស ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ចំពោះដំណាំស្វាយចន្ទីមានជិត ៩ពាន់ហិកតា ដោយប្រមូលផលក្នុងមួយឆ្នាំៗ លើសពី ១ម៉ឺនតោន ហើយក្នុងខេត្តក៏មានរោងចក្រ និងសិប្បកម្មកែច្នៃស្វាយចន្ទី និងមួយឆ្នាំអាចនាំចេញបានប្រមាណ ៣ ទៅ៤ពាន់តោន ។
គួរបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានការដាំដំណាំពោតក្រហមជាង ១ម៉ឺនហិកតា, ម្រេចជាង ៣ពាន់ហិកតា មួយឆ្នាំៗអាចប្រមូលផលបានជាង ៨ពាន់តោន, ស្វាយកែវរមៀតជាង ២ពាន់ហិកតា ដំណាំស្រូវជាង ៨ម៉ឺន ៨ពាន់ហិកតា ដោយលក់ចេញក្រៅបានជាង ១៨លានដុល្លារ, ក្រៅពីនេះ ក៏មានដំណាំរួមផ្សំ ដំណាំសាកវប្បកម្ម និងឧស្សាហកម្ម ដំណាំឈើហូបផ្លែប្រចាំរដូវជាដើម ៕អត្ថបទ បាន សុខរិទ្ធិ



