ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវិស័យវប្បធម៌ខ្មែរ។
ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ បានរំលឹកឡើងវិញថា កម្ពុជា-ជប៉ុន មានទំនាក់ទំនងគ្នាល្អ លើផ្នែកការទូត៧០ឆ្នាំមកហើយ។ ទន្ទឹមនឹងនោះទំនាក់ទំនងជាប្រវតិ្តសាស្រ្ត ក៏មានយូរលង់ណាស់មកហើយដែល តែងតែជួយគ្នាទៅវិញទៅមក ក្នុងអំឡុងពេលមានការលំបាកផ្សេងៗ (ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកលើសម្ភារៈបរិក្ខារ និងផ្នែកស្មារតី)។
ក្នុងជំនួបទ្វេរដដែលនេះ ភាគីទាំងពីរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម UENO Atsushi បានសម្តែងការពេញចិត្ត នូវកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ដែលកំពុងធ្វើនាពេលបច្ចុប្បន្ន គឺមានការរីកចម្រើនជាលំដាប់។ ក្នុងនោះជប៉ុន មានកិច្ចការងារច្រើន ដោយធ្វើជាសហប្រធាន ICC - Angkor ជាមួយបារាំង ចេញពីកិច្ចការងារនេះ ជប៉ុន ក៏បានជួយជួសជុលអភិរក្ស ប្រាសាទនៅតំបន់អង្គរ ខេត្តសៀមរាប ក៏ដូចជាកិច្ចការងារមួយចំនួនទៀត នៅតំបន់ប្រាសាទសំបូរគុក ខេត្តកំពង់ធំ។
ក្រៅពីនោះជប៉ុន ក៏មានជាសកម្មភាពផ្លាស់ប្តូរវប្បធម៌គ្នា ទៅវិញទៅមក តាមរយៈក្រុមសិល្បករ សិល្បការិនី កម្ពុជា ទៅជប៉ុន - ជប៉ុន មកកាន់កម្ពុជា និងមានជាមហោស្រពសិល្បៈ មហោស្រពភាពយន្តផ្សេងៗ ដែលជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាមួយគ្នា។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានថ្លែងអំណរគុណ ចំពោះការបន្តគាំទ្ររបស់ជប៉ុន ទាំងសម្ភារបរិក្ខារ និងស្មារតីផ្សេងៗជូនកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក្នុងនាមជាសហប្រធាន ICC-Angkor ក៏បានប្តេជ្ញាចិត្ត និងបន្តជួយកម្ពុជា បន្តទៀតលើការងារវប្បធម៌ រួមមានការងារជួសជុលអភិរក្សប្រាសាទ ការគាំទ្រគ្នាផ្សេងៗលើឆាកអន្តរជាតិ និងសកម្មភាពផ្សេងៗទៀត ដែលថាក្រសួងវប្បធម៌ មានបំណងស្នើទៅជប៉ុន គឺជប៉ុន នឹងបន្តគាំទ្រជួយដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕អត្ថបទ រដ្ឋា



