ភ្នំពេញ៖ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៊ែរត្រាន់ អាំប្រ៊យ (Bertrand Ambroise) ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃផ្សារអន្តរជាតិ រ៉ាងហ្គីស (Rungis) ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារនេះ បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍ទីផ្សារកសិផលកម្ពុជា និងបានស្នើឱ្យភាគីបារាំង បញ្ជូនអ្នកជំនាញពាណិជ្ជកម្មមកធ្វើការសិក្សាពីសក្តានុពលវិស័យកសិកម្មកម្ពុជានិងធ្វើការជាមួយគ្នា ដើម្បីនាំកសិផលកម្ពុជាចូលទៅកាន់ទីផ្សារបារាំង និងការនាំទំនិញបារាំងមកកម្ពុជាវិញផងដែរ។ មួយវិញទៀត គឺការចងក្រងបណ្តុំ ការបង្កើតទីផ្សារកសិផលមួយដែលឆ្លើយតបនឹងតម្រូវការ និងស្តង់ដាទីផ្សារប្រទេសបារាំង ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញច្បាស់លាស់ តាមរយៈអាហារូបករណ៍និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាដើម ហើយកម្ពុជាមានសាលាជាតិកសិកម្មចំនួនបី សម្រាប់សហការលើការបណ្តុះធនធានមនុស្សនេះ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឱ្យការងារទីផ្សារនេះទទួលបានជោគជ័យ ក្រុមការងារត្រូវស្វែងយល់ពីទស្សនវិស័យទីផ្សារឱ្យបានច្បាស់លាស់ មានយុទ្ធសាស្ត្រ ផែនការពាណិជ្ជកម្មជាក់លាក់ និងស្វែងយល់ពីខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិតរហូតដល់ទីផ្សារ៕ ដោយ ៖ បូរ៉ាវី




