ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ កន្លងទៅនេះ បានបើកប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោង ដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ នៅទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអំពីគោលដៅរបស់ក្រសួង ដែលចង់បានមន្ទីរពិសោធន៍កម្រិតស្តង់ដារអន្តរជាតិជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ ដែលចាំបាច់ណាស់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជននៅទូទាំងប្រទេស។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ជូនអង្គប្រជុំបន្ថែមថា គម្រោងមន្ទីរពិសោធន៍ថ្មីស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។
ទាក់ទងនឹងការងារនេះ ឯកឧត្តម បានណែនាំអង្គប្រជុំ ឲ្យយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និងការចំណាយផ្សេងៗ ដើម្បីធានាដល់ដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍លើវិស័យកសិកម្ម។
ដើម្បីឱ្យការងារនេះប្រព្រឹត្តទៅបានរលូន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើអង្គប្រជុំធ្វើការបង្កើតក្រុមការងារមួយ ដឹកនាំដោយ ឯកឧត្តម សេន សុវណ្ណ ដើម្បីពិនិត្យមើលលើ បញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍ សម្ភារៈ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។
ចំណែកការចំណាយ ត្រូវពិនិត្យលទ្ធភាពថវិកាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈផ្សេងៗ ដើម្បីបន្តសកម្មភាព ប្រសិទ្ធភាព និងនិរន្តរភាពការធ្វើពិសោធន៍។
មួយវិញទៀត មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស៕អត្ថបទ៖ ឈិត បូរ៉ាវី






