បាល់ទាត់៖ ក្លិបនៅក្របខណ្ឌកំពូល English Premier League ពីររួមមាន Leicester City និង Everton កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធ Brentford, Ivan Toney បន្ទាប់ពីរដូវកាលដ៏អស្ចារ្យនៅ League Championship។
កីឡាករវ័យ ២៥ឆ្នាំអង់គ្លេសរូបនេះរកបាន ៣០គ្រាប់ហើយបូករួមទាំងបញ្ជូន ១០លើកក្នុងការបង្ហាញខ្លួន ៤៤ប្រកួតអោយ Brentford រដូវកាលនេះ។ ក្រៅពីក្លិបទាំងពីរខាងលើ Tottenham Hotspur ត្រូវបានគេដឹងថានឹងចូលរួមប្រជែងនាំយក Ivan Toney។ Ivan Toney ដែលគេវាយតម្លៃថា នឹងមានតម្លៃនៅលើទីផ្សារទិញដូរកីឡាករ ៣០លានផោននោះ ត្រូវបានគេមើលឃើញថានឹងអាចក្លាយជា Romelu Lukaku ទីពីរប្រសិនជាគេផ្លាស់ទៅកាន់ Everton។ ចំណែក Leicester City ក៏កំពុងស្វែងរកខ្សែប្រយុទ្ធជួរមុខម្នាក់ទៀត ស្របពេល Jamie Vardy ក៏កាន់តែចាស់ និងទោះបី Kelechi Iheanacho កំពុងឡើងជើងក៏ដោយ។
Ivan Toney ក៏ធ្លាប់មានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបនៅ Premier League ផ្សេងទៀតដែររួមមាន Arsenal, Leeds United និង West Ham ជាដើម។ រំលឹកថា Ivan Toney ត្រូវបាន Brentford នាំយកពី Peterborough កាលពីឆ្នាំ២០២០ បន្ទាប់ពីលេងអោយ Peterborough បាន ៧៦ប្រកួតរកបាន ៤០គ្រាប់។ Ivan Toney គឺជាសមាជិកសំខាន់ដែលជួយ Brentford ធានាបានកៅអីនៅវគ្គ Play-Off ដើម្បីឡើងមកកាន់ English Premier League៕
អត្ថបទ៖នាង សុភាវុធ