អាមេរិក ៖ កាលពីថ្ងៃពុធម្សិលមិញ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបុគ្គលម្នាក់ និងអង្គភាពអាជីវកម្ម ៦កន្លែង ដែលជាបណ្ដាញផ្គត់ផ្គង់គ្រឿងបង្គំខាងយោធា រួមទាំងគ្រឿងបង្គំប្រើប្រាស់សម្រាប់យានដ្រូនផងដែរ ។
គោលដៅទណ្ឌកម្មនេះ រួមទាំងលោក Mehdi Khoshghadam ដែលជាប្រធានគ្រប់គ្រងក្រុមហ៊ុន Pardazan System Namad Arman (PASNA)របស់អ៊ីរ៉ង់ ។
ក្រសួងរតនាគារអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Khoshghadam ប្រើប្រាស់ក្រុមហ៊ុនបង្កើតថ្មី ក្នុងគោលបំណងបញ្ចៀសទណ្ឌកម្ម សេចក្តីប្រកាសទណ្ឌកម្មរបស់រតនាគារអាមេរិក និយាយថា ដោយប្រើប្រាស់ក្រុមហ៊ុនបង្កើតថ្មីជាច្រើន លោក Khoshghadam បានព្យាយាមស្វែងរកគ្រឿងបង្គុំអេឡិកត្រូនិកផ្សេងៗគ្នាពីក្រុមហ៊ុនផ្គត់ផ្គង់បរទេសដែលមានមូលដ្ឋានសំខាន់នៅសាធារណរដ្ឋប្រជាមានិតចិន ។
យោងតាមការអះអាងរបស់ក្រសួងរតនាគារ បានឲ្យដឹងថា ក្រុមហ៊ុនទាំងនោះ រួមមានក្រុមហ៊ុន Amv AJ Nilgoun Bushehr Co. និងក្រុមហ៊ុន PASNA International ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ ។
លោក Brian E. Nelson គឺជាអនុរដ្ឋមន្ត្រីរតនាគារអាមេរិកទទួលបន្ទុកចារកម្មហិរញ្ញវត្ថុ និងភេរវកម្ម និយាយថា បណ្តាញដែលរងទណ្ឌកម្មនៅថ្ងៃនេះ បានផ្គត់ផ្គង់ទំនិញ និងបច្ចេកវិទ្យាសម្រាប់រដ្ឋាភិបាលអ៊ីរ៉ង់ និងឧស្សាហកម្មការពារជាតិរបស់ពួកគេ ហើយនិងកម្មវិធីយានដ្រូន UAV ។ រតនាគារអាមេរិក នឹងបន្តពង្រឹងទណ្ឌកម្មប្រឆាំងនឹងកិច្ចខិតខំផ្គត់ផ្គង់យោធាអ៊ីរ៉ង់ ដែលរួមចំណែកធ្វើឲ្យមានអសន្តិសុខក្នុងតំបន់ និងអស្ថិរភាពនៅលើសកលលោក ៕ ដោយ ៖ សារ៉ាត់

