អង់គ្លេស ៖ ការវិភាគថ្មីបានបង្ហាញថា កុមារជាង២លាននាក់ នៅក្នុងប្រទេសអង់គ្លេស កំពុងរស់នៅក្នុងកន្លែងស្នាក់នៅដ៏តូចចង្អៀត ដោយគ្នានកន្លែងផ្ទាល់ខ្លួន ខណៈដែលកុមារ ៣00,000នាក់ គេងគ្រែរួមគ្នាជាមួយសមាជិកគ្រួសារ ។ សារព័ត៌មាន BBC បានសម្ភាសន៍គ្រួសារចំនួនពីរ ដែលជួបការលំបាកដោយសារកន្លែងស្នាក់នៅរបស់ពួកគេតូចចង្អៀត។
នៅជាន់ទី៣នៃប្លុកផ្ទះល្វែងដ៏ធំមួយ កុមារី ដេនី រ៉េដ កំពុងអង្គុយហាត់លេងតន្រ្តីរបស់នាងនៅជ្រុងដ៏តូចចង្អៀតមួយ ។
ម្តាយរបស់នាងអង្គុយនៅជិតនោះស្តាប់ដោយយកចិត្តទុកដាក់ ដោយមានមោទនភាពមិនត្រឹមតែចំពោះទេពកោសល្យតន្ត្រីរបស់កូនស្រីប៉ុណ្ណោះទេថែមទាំងសមត្ថភាពរបស់នាងក្នុងការជម្នះទុក្ខលំបាកទៀតផង។ គ្រួសារនេះបង់ប្រាក់ ៨៦0 ផោនក្នុងមួយខែសម្រាប់ផ្ទះល្វែងមួយបន្ទប់គេងនេះ អោយដល់ក្រុមប្រឹក្សាមូលដ្ឋានក្នុងស្រុកដែលពួកគេរស់នៅ។
តំណាងក្រុមប្រឹក្សា Newham បាននិយាយថា ផែនការចុងក្រោយបង្អស់គឺត្រូវសាងសង់ផ្ទះ២.000ខ្នង ជាដំណាក់កាលៗក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។ តំណាងក្រុមប្រឹក្សា បានបន្ថែមថាពួកគេនឹងសាងសង់ផ្ទះចំនួន ៥00ខ្នង ក្នុងរយៈពេល ៣ ឆ្នាំខាងមុខដើម្បីដោះស្រាយបញ្ហាគ្មានផ្ទះសម្បែងរបស់ប្រជាជន៕ ដោយ ៖ ស្រីទាវ


