ភ្នំពេញ ៖ គិតត្រឹមថ្ងៃទ២០ ខែមេសានេះ គឺនៅសល់ប្រមាណតែ១៥ថ្ងៃ ព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងឈានចូលមកដល់។ ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា គ្រប់ភ្ញៀវជាតិអន្តរជាតិចូលទស្សនាប្រកួតកីឡាSEA GAMES គឺត្រូវតែមានសំបុត្រទស្សនាមិនបង់ថ្លៃ ហើយសំបុត្រនោះ ត្រូវចុះឈ្មោះតាមអនឡាញ រួចហើយភ្ញៀវអាចទៅយកសំបុត្រនោះ នៅតាមទីលានប្រកួត និងតាមបណ្តាផ្សារឯកជន និងសាធារណៈនានាទៀត ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាSEA GAMES និង ASEAN PARA GAMES បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមេសានេះ ថា ចាប់ពីថ្ងៃនេះទៀត គ្រប់ភ្ញៀវជាតិ អន្តរជាតិ ដែលមានបំណងចូលទស្សនាប្រកួតកីឡាSEA GAMES គឺអាច ដោនឡូត APP- SEA GAMES 2023 បង្កើតគណនីរួចធ្វើការចុះឈ្មោះកក់យកកៅអីអង្គុយ ហើយ ភ្ញៀវអាចទៅយកសំបុត្រទស្សនាSEA GAMESជាមុនបាន នៅតាម នៅតាមបណ្តាអ៊ីអនទាំងបីសាខា តាមទីលានប្រកួត ឬតាមបណ្តាផ្សា និងទីសាធារណៈមួយចំនួនទៀត។
សូមបញ្ជាក់ថា ប្រកួតកីឡាSEA GAMESលើកទី៣២ មានកីឡាប្រកួតចំនួន៣៧ប្រភេទកីឡា និងមានវិញ្ញាសារប្រកួតចំនួន ៥៨១វិញ្ញាសារ ដោយឡែកការប្រកួតកីឡា ASEAN PARA GAMESលើកទី១២ មានកីឡាប្រកួតចំនួន១៣ប្រភេទកីឡា និងមានវិញ្ញាសារប្រកួតចំនួន៤៣១វិញ្ញាសារ មកពីបណ្តាប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕ ដោយ ៖ ស៊ុប សុខជា

