
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានអំពាវនាវដល់កងទ័ពទាំងអស់បន្តចូលរួមកាន់តែសកម្មបន្ថែមទៀត ជាមួយក្រសួងស្ថាប័ន សមត្ថកិច្ច ពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយធ្វើជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យ សេនា ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ ចំពោះការធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដូច្នេះត្រូវតែរួមគ្នាធ្វើកិច្ចការនេះប្រកបដោយភាពរលូន និងត្រូវតែ ធ្វើការតុបតែងរៀបចំឲ្យបានល្អឲ្យសមជាម្ចាស់ផ្ទះ ដែលនឹងត្រូវធ្វើការទទួលភ្ញៀវនោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រហូតមកដល់ពេលនេះនៅសល់តែ១៥ ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងនៅសល់តែ៤៤ថ្ងៃទៀត ដល់ថ្ងៃ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
សម្ដេច ស្នើប្រធានស្ថាប័ន មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ចូលរួមគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ នូវព្រឹត្តិការណ៍ខាងលើនេះ តាមរយៈការរៀបចំតាក់តែង ធ្វើអនាម័យអង្គភាព កន្លែងធ្វើការ ផ្ទះសម្បែងឲ្យ មានបរិស្ថានស្អាត ផាសុខភាព មានភាពញញឹម រាក់ទាក់ ទប់ស្កាត់ការប្រព្រឹត្តគ្រឿងញៀន និងអនុវត្តតាម ពាក្យ ស្លោក«ប្រជាជនម្នាក់ លេងកីឡាមួយមុខ» និង«កីឡារស់ក្នុងសន្តិភាព»៕អត្ថបទ៖ បាន ចក់