
ក្រុមគ្រួសាររបស់លោក Tire Nichols បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយកដ្ឋាននគរបាលទីក្រុង Memphis និងមន្រ្តីជាច្រើននាក់ ដែលពាក់ព័ន្ធនឹងការស្លាប់របស់អ្នកបើកទោចក្រយានយន្តជនជាតិស្បែកខ្មៅអាយុ ២៩ឆ្នាំម្នាក់។
លោក Nichols បានស្លាប់រយៈពេលបីថ្ងៃ បន្ទាប់ពីគាត់ត្រូវបាននគរបាលវាយដំអំឡុងពេលនគរបាលបញ្ឈប់គាត់នៅចំណុចភ្លើងស្តុបចរាចរណ៍កាលពីខែមករា។ ការស្លាប់របស់គាត់បានបង្កឱ្យមានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងអំពើឃោរឃៅរបស់នគរបាល។
មេធាវីតំណាងគ្រួសារលោក Nichols ចោទប្រកាន់នាយកដ្ឋានអំពីការអនុវត្តការដោយធ្វេសប្រហែសក្នុងការរើសបុគ្គលិក និងការបណ្តុះបណ្តាលមិនល្អ ដែលនាំឱ្យលោក Nichols ស្លាប់។
ពាក្យបណ្តឹងដែលមានកម្រាស់ ១៣៩ទំព័រនោះ ត្រូវបានដាក់នៅតុលាការសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិកសម្រាប់តំបន់ភាគខាងលិចនៃរដ្ឋ Tennessee កាលពីព្រឹកថ្ងៃពុធ មានរាយឈ្មោះប្រធាននាយកដ្ឋាននគរបាល Memphis លោក Cerelyn Davis និងមន្ត្រីចំនួន ៥នាក់ ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតលើការស្លាប់របស់លោក Nichols ព្រមទាំងក្រុមនគរបាល និងក្រុមភ្នាក់ងារពន្លត់អគ្គីភ័យដទៃទៀត។

