
កណ្ដាល៖ អភិបាលខេត្តកណ្ដាល បានស្នើឱ្យអភិបាលក្រុង-ស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការគ្នាជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកនេះ ឱ្យបានចប់តាមផែនការ។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី មន្ត្រីជាប់កិច្ចសន្យា អ្នកស្ម័គចិត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាល កាលពីម្សិលមិញ ឯកឧត្ដម គង់ សោភ័ណ្ឌ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានអត្ថប្រយោជន៍ខ្លាំងសម្រាប់ប្រជាពលរដ្ឋ គឺធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី កាត់បន្ថយ និងលុបបំបាត់វិវាទដីធ្លី។ ការមានកម្មសិទ្ធិស្រប ច្បាប់ ជាកម្លាំងចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម បានរំលឹកអភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបន្តអនុវត្តផែនការចុះបញ្ជីដីពលរដ្ឋ ដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។ បន្តយកចិត្តទុកដាក់ដោះស្រាយវិវាទដៃធ្លីនៅក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈដីធ្លីជូនប្រជាពលរដ្ឋ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសេវា កាន់តែងាយស្រួល, កាន់តែឆាប់រហ័ស, មានតម្លាភាព និងមានគណនេយ្យភាព ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកណ្ដាល ប្រតិបត្តិការចប់នៅស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ និងកំពុងបន្តអនុវត្តនៅស្រុកល្វាឯម ស្រុកស្អាង អង្គស្នួល ខ្សាច់កណ្តាល កោះធំ ពញាឮ កៀនស្វាយ មុខកំពូល និងស្រុកលើកដែក។
លោកបានឱ្យដឹងតៀតថា គិតតាំងពីការចាប់ផ្តើមដំណើរការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ រហូតមកដល់ពេលនេះ ទូទាំងខេត្តសម្រេចបានលទ្ធផលដូចជា ប្រកាសតំបន់វិនិច្ឆ័យបានចំនួន៩៩ឃុំ ស្មើនឹង ៦០៦ភូមិ ប្រមូលទិន្នន័យបញ្ចូល និងគូរ បានចំនួនជាង ៤០ម៉ឺន ៩ពាន់ក្បាលដី បិទផ្សាយទិន្នន័យ បានចំនួនជាង ៣៨ម៉ឺន ២ពាន់ក្បាលដីកំណត់ព្រំ បានចំនួនជាង ៤០ម៉ឺន ៥ពាន់ក្បាលដី វិនិច្ឆ័យ បានចំនួនជាង ៤០ម៉ឺន ៥ពាន់ក្បាលដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួនជាង៣៤ម៉ឺន២៩០០បណ្ណនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួនជាង ២៧ម៉ឺន ៩០០បណ្ណ៕ អត្ថបទ៖ សៅ យ៉ាម៉ង់