
ភ្នំពេញ៖ ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើងថាមជ្ឍមណ្ឌលភស្តុភាកម្មថ្មីនៅកម្ពុជា នឹងចូលរួមចំណែកដល់វិស័យដឹកជញ្ជូន ការជួយពន្លឿនចលនានៃការនាំចេញ-ចូល និងកាត់បន្ថយការកកស្ទះនៅកំពង់ផែ ជាពិសេសការតភ្ជាប់ផ្នែកដឹកជញ្ជូនខេត្តព្រះសីហនុ ទៅខ្សែច្រវ៉ាក់ផលិតកម្មនៃការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ នេះថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនសន្ធឹកសន្ធាប់ ក្នុងទិសដៅគាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ ជាពិសេសការអនុវត្តកម្មវិធីយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់ជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធត្រូវកសាងជាបណ្តើរៗ បច្ចុប្បន្នយើងសង្កេតឃើញថា ខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរជាងមុន ទាំងផ្លូវអាកាស, ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងជាដើម។
ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភាកម្មនៅខេត្តព្រះសីហនុនេះ ឧកញ៉ា បន្តថា ថ្លែងនូវការគាំទ្រពេញទំហឹង ព្រោះការបង្កើតមជ្ឈមណ្ឌលភស្តុភាកម្មនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបង្កើតកន្លែងប្រមូលផ្តុំព័ត៌មានបញ្ជរតែមួយ និងជាផ្នែកមួយជួយដល់វិស័យផលិតកម្ម ការនាំចេញរបស់កម្ពុជា ការជំរុញច្រវ៉ាក់ផ្គត់ផ្គង់ក្នុងស្រុក និងការតភ្ជាប់ផ្នែកដឹកជញ្ជូននៅក្នុងតំបន់ និងការកាត់បន្ថយដល់ការកក់ស្ទុះនៅកំពង់ផែជាដើម, ជាពិសេសការចាប់យកកាលានុវត្តថ្មីៗដូចជា ការទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច តាមរយៈការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ ចូលមកកាន់កម្ពុជា សំដៅជួយពន្លឿន ការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម, និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់ ។
សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC និងក្រសួងសាធារណការ និងដឹកជញ្ចូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ដោយគម្រោងនេះ គ្រោងចាប់ផ្តើមសាងសង់ក្នុងចុងឆ្នាំ ២០២៤ ក្នុងទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី,